ភ្នំពេញ ៖ នៅថ្ងៃនេះ តាមរយៈពិធីចុះហត្ថលេខានាទីស្តីការក្រសួងការបរទេស ជប៉ុនបានសម្រេចផ្តល់ជំនួយដល់កម្ពុជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ប្រមាណ៧២លានដុល្លា ជុំវិញគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៦ លានយ៉េន (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួម ចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់គម្រោងចំនួន៦។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការបន្តជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅ កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនបាននឹងកំពុងជួយគាំទ្រ ដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌ទាំងនេះ ឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជំនួយរបស់ជប៉ុនបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម និងធនធានមនុស្ស នៅកម្ពុជា ហើយជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់កម្ពុជា។
គួរបញ្ជាក់ថា ចំពោះការអនុវត្តគម្រោងចំនួន៦ រួមមាន គម្រោង ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់ កាលទី២), គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត, គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់, សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ, គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
អត្ថបទ៖ សេក ឧត្តម

