ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ បុគ្គលិក និងកម្មករ ដែលរស់នៅ និងធ្វើការក្នុងបុរី ប៉េងហួត បឹងស្នោរ បានសម្តែងការ សប្បាយចិត្ត និងថ្លែងនូវអំណរអគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ចាក់ជូនពួកគាត់តាំងពីដូសទី១រហូតដល់ដូសទី៣ដោយឥតគិតថ្លៃនោះ។
ខណៈនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នូវដូសទី៣ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បងប្អូនប្រជាពល រដ្ឋដែលកំពុងរស់នៅ និងធ្វើការក្នុងបុរី ប៉េងហួត ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយ ក្រោយពីពួកគាត់ បានទទួលវ៉ាក់សាំងដូសទី៣ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩ ហើយមិនត្រឹមតែដូសទី៣ ឬទីប៉ុន្មានទេ ឲ្យតែសម្តេចតេជោប្រកាសឲ្យពួកគាត់ចាក់ ពួកគាត់នឹងធ្វើការចាក់បន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យមេរោគ កូវីដ១៩នេះវាបន្សាំ និងដើម្បីការពារជីវិតរបស់ពួកគាត់នោះ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល,គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩(គ.វ.ក១៩) បានសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) សហការជាមួយម្ចាស់បុរីប៉េងហួត បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ជូនដល់បងប្អូនប្រជាពលរដ្ឋ បុគ្គលិក កម្មករ ដែលកំពុងរស់នៅ និងធ្វើការក្នុងបុរីប៉េងហួតនេះរយៈពេល៧ថ្ងៃ ដោយមួយថ្ងៃៗគឺមានបងប្អូនទៅចាក់ប្រមាណជិតមួយពាន់នាក់។
បើតាមការអះអាងរបស់តំណាង បុរីប៉េងហួត បានបញ្ជាក់ឲ្យដឹងផងដែរថា បុរីប៉េងហួត បានផ្តល់ទីតាំងសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះគឺចាប់ពីដូសទី១រហូតដល់ដូសទី៣ ហើយប្រសិនបើមានដូសទី៤ឬទី៥ទៀតម្ចាស់បុរីនេះនៅតែបន្តផ្តល់ទីតាំងដដែល ដោយការផ្តល់នេះគឺជាការបញ្ជាក់នូវការ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យមេរោគកូវីដ១៩នេះបន្សាំជាមួយសហគមន៍ ក្នុងគោលបំណងបើកសេដ្ឋកិច្ចប្រទេសឡើងវិញជាដើមនោះ៕អត្ថបទ ៖ ចក់











