អង្គការពលកម្មអន្តរជាតិ ILO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) ថា ភាពអត់ការងារធ្វើនៅតំបន់ហ្កាហ្សា បានកើនឡើងដល់ជិត ៨០% ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងមក ដោយសារសេដ្ឋកិច្ចរបស់តំបន់ហ៊ុមព័ទ្ធដែលរងការបំផ្លិចបំផ្លាញនេះ ស្ទើរតែដួលរលំទាំងស្រុង។

ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះបាននិយាយថា ទិន្នផលសេដ្ឋកិច្ចបានធ្លាក់ចុះ ៨៥% ចាប់តាំងពីជម្លោះជាមួយអ៊ីស្រាអែល បានចាប់ផ្តើមកាលពីឆ្នាំមុនមក ដោយបានធ្វើឱ្យប្រជាជនស្ទើរតែ ២,៣លាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

អង្គការ ILO និយាយថា ជម្លោះនេះបានបណ្តាលឱ្យមាន “ការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក និងពង្រីកផលប៉ះពាល់នៅលើទីផ្សារការងារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយនៅទូទាំងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់” ដោយសំដៅទៅលើតំបន់ហ្កាហ្សា និង វេសបែង (West Bank)។ ទីភ្នាក់ងារ ILO សង្កត់ធ្ងន់ថា ពលរដ្ឋហ្កាហ្សា ជាច្រើនបានបាត់បង់ការងាររបស់ពួកគេទាំងស្រុង ឬធ្វើការងារក្រៅផ្លូវការ និងមិនទៀងទាត់ “ផ្តោតលើការផ្តល់ទំនិញ និងសេវាកម្មសំខាន់ៗ”។

ILO បន្តថា នៅតំបន់ West Bank អត្រាគ្មានការងារធ្វើជាមធ្យមមាន ៣៤,៩% ចន្លោះខែតុលា ឆ្នាំ២០២៣ ដល់ចុងខែកញ្ញា ឆ្នាំ២០២៤ ខណៈសេដ្ឋកិច្ចរបស់តំបន់នេះបានធ្លាក់ចុះ ២១,៧% បើធៀបនឹងរយៈពេល ១២ខែមុន។ អង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះបានបញ្ជាក់ថា មុនពេលមានវិបត្តិ អត្រាគ្មានការងារធ្វើនៅហ្កាហ្សាគឺ ៤៥,៣% និងនៅ West Bank ត្រឹមតែ ១៤% ប៉ុណ្ណោះ៕