បុរសម្នាក់ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីនគរបាលចុះឆែកឆេរ និងរកឃើញថា ជាម្ចាស់ទីតាំងនាំចូល ស្តុក និងចែកចាយ ផលិតផល ធូបមូស ក្លែងក្លាយ។

ការឃាត់ខ្លួនម្ចាស់ទីតាំងនាំចូល ធូបមូស ក្លែងក្លាយនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសហការជាមួយមន្រ្តី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Thanathorn International.co.,Ltd ។

ការបង្ក្រាបបានធ្វើឡើងនៅទីតាំងចំនួន ០២កន្លែង ដែលសង្ស័យនាំចូល ស្តុក និងចែកចាយ ផលិតផល ធូបមូស ម៉ាក Ranger ក្លែងក្លាយ។ ទីតាំងទី១ ស្ថិតនៅផ្ទះលេខ ៨៩ ផ្លូវ SOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួម ធូមមូសម៉ាកស្តេចនាគទេព ចំនួន ៣៥កេស ធូបមូសម៉ាក Ranger ដើម ចំនួន ៣១កេស ធូបមូសម៉ាក Ranger កង ចំនួន ៣៣កេស សាប៊ូ Fineline ចំនួន ៣៣កេស សាប៊ូ D-nee ចំនួន ៣៣កេស។ ទីតាំងទី២ ស្ថិតនៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ធូមមូសម៉ាកស្តេចនាគទេព ចំនួន ១០កេស ធូបមូសម៉ាក Ranger កង ចំនួន ១៧កេស សាប៊ូ Fineline ៣០០០ម.ល ចំនួន ៨១៨កេស សាប៊ូ D-nee ៩៦០ម.ល ចំនួន ១០៦កេស សាប៊ូ D-nee ១៨០០ម.ល ចំនួន ៦៥កេស សាប៊ូ D-nee ៣០០០ម.ល ចំនួន ១៤០កេស សាប៊ូលាងចាន ចំនួន ៤៧កេស ទឹកលាងបង្គន់ម៉ាក Okey PINK ចំនួន ១៦កេស រួមទាំងសំបកកេs និងវិក្កយបត្រមួយចំនួន។ សរុបសម្ភារៈទាំងអស់ចំនួន ១៤៥៨ កេស ស្មើនឹង ១៥៥១៤ គីឡូក្រាម ។ ក្រោយពីការឆែកឆេរ នគរបាលបានសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។

នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឃាត់ខ្លួនមានឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ដើម្បីបន្តនីតិវិធី៕ អត្ថបទ៖កុម្ភះ

