ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (១៨ តុលា) នេះដោយដកស្រង់សម្តីរបស់រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ទីក្រុងប៉េកាំងថា ប្រទេសចិន កំពុងពង្រឹងការអនុវត្តជាមួយប្រទេសនានាដូចជាសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធខុសច្បាប់ និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត។

រដ្ឋបាលបាននិយាយថា ក្រុមអ្នករត់ពន្ធ និងក្រុមឧក្រិដ្ឋជនឆ្លងដែនក្នុងប្រទេស និងក្រៅប្រទេសនាពេលថ្មីៗនេះ បាននឹងកំពុង “បោកបញ្ឆោតមនុស្សមួយចំនួនឱ្យចូលរួមក្នុងសកម្មភាពរត់ពន្ធ” ដោយមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ឬបញ្ជាក់ថាតើការរត់ពន្ធនោះពាក់ព័ន្ធនឹងទំនិញ មនុស្ស ឬទាំងពីរយ៉ាងនោះទេ។

យោងតាមទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងថា នាយកដ្ឋានរដ្ឋបាល និងក្រុមអនុវត្តច្បាប់នៃប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក កំពុងរួមគ្នាបង្ក្រាបការរត់ពន្ធ និងការរំលោភបំពាន និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត ដោយផ្អែកលើ “ការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ស្មើភាពគ្នា”។
នៅឆ្នាំនេះ សហរដ្ឋអាមេរិក បាននិរទេសជនជាតិចិន ដែលព្យាយាមចូលប្រទេសដោយខុសច្បាប់ត្រឡប់ទៅចិនវិញ ជាមួយនឹងជើងហោះហើរធម្មនុញ្ញ។ ភាពលំបាកក្នុងការទទួលបានទិដ្ឋាការរបស់អាមេរិក និងផលប៉ះពាល់សេដ្ឋកិច្ចអំឡុងការបិទខ្ទប់កូវីដ១៩ របស់ចិន បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃជនជាតិចិន ដែលមានវត្តមាននៅព្រំដែនអាមេរិក-ម៉ិកស៊ិក៕