មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) នៅថ្ងៃសុក្រ (១៨ តុលា) នេះបានលើកសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទ័ពអាកាស សម្រាប់ការងារ “ដ៏ល្អ” របស់ពួកគេក្នុងអំឡុងពេលហ្គេមសង្រ្គាមរបស់ចិន នៅជុំវិញកោះកាលពីដើមសប្តាហ៍នេះ។

យោធាចិន បាននិយាយថា ហ្គេមសង្រ្គាមនៅថ្ងៃចន្ទសប្ដាហ៍នេះ គឺជាការព្រមានដល់ “អំពើផ្តាច់ខ្លួន” ដោយប្តេជ្ញាចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ដែលក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន ប្រសិនបើចាំបាច់។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការកងទ័ពអាកាសក្នុងទីក្រុងតៃប៉ិ លោក Lai បាននិយាយថា “សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានៅអំឡុងពេលដ៏តានតឹងនោះ ហើយសូមបន្តការពារដែនអាកាសនៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីធានាសន្តិសុខ និងការហោះហើរប្រកបដោយសុវត្ថិភាព និងរលូន”។

កោះតៃវ៉ាន់ បានសម្ដែងក្ដីបារម្ភបន្ទាប់ពីសមយុទ្ធទ្រង់ទ្រាយធំរបស់ចិន ដែលទីក្រុងប៉េកាំង បានធ្វើឡើងក្រោយសុន្ទរកថាថ្ងៃទិវាជាតិរបស់មេដឹកនាំកោះ លោក Lai ដែលខ្លួនថ្កោលទោស និងហៅថា “ជនផ្ដាច់ខ្លួន”។ កងទ័ពអាកាសកោះតៃវ៉ាន់ ដែលមានកម្លាំងដ៏តូចបើប្រៀបទៅកម្លាំងដ៏មហិមារបស់ទ័ពចិន មានបេសកកម្មចម្បងគឺឃ្លាំមើលសកម្មភាពស្ទើរតែប្រចាំថ្ងៃរបស់យោធាចិន នៅជុំវិញកោះនេះ៕