ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្ដីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ រីយ៉ាកូវ (Sergei Ryabkov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) ថា ប្រទេសរុស្ស៊ី កំពុងព្រមានអ៊ីស្រាអែល ថាកុំឱ្យសោះសូម្បីតែគិតចង់ធ្វើការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី០១ ខែតុលា មានការរំពឹងទុកថា អ៊ីស្រាអែល អាចវាយសងសឹកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដូចដែលបានគំរាមកំហែងជាយូរមកហើយ ប៉ុន្តែអ៊ីស្រាអែល ក៏បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួននឹងកំណត់លើគោលដៅយោធាជំនួសវិញ។

សារព័ត៌មាន TASS បានដកស្រង់សម្ដីលោក Ryabkov ដែលនិយាយថា “យើងបានព្រមានម្តងហើយម្តងទៀត និងបន្តព្រមានកាន់តែម៉ឺងម៉ាត់លើអ៊ីស្រាអែល ប្រឆាំងនឹងគំនិតជុំវិញលទ្ធភាពនៃការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់”។ គេមិនច្បាស់ទេថាតើទីក្រុងមូស្គូ បានបញ្ជូនសារព្រមានបែបនេះទៅអ៊ីស្រាអែល ក្នុងទម្រង់បែបណា។
អ៊ីស្រាអែល និងបណ្ដាប្រទេសលោកខាងលិច មានការភ័យខ្លាចជាយូរមកហើយថា អ៊ីរ៉ង់កំពុងអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ ក្រោមរូបភាពនៃកម្មវិធីថាមពលនុយក្លេអ៊ែរស៊ីវិល ដោយនោះជាអ្វីដែលទីក្រុងតេអេរ៉ង់ បដិសេធ។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយក្នុងសប្ដាហ៍នេះថា អ៊ីស្រាអែល នឹងទទួលស្តាប់អាមេរិក ដែលក៏បានព្រមានផងដែរប្រឆាំងនឹងការវាយលុកទីតាំងនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ប៉ុន្តែនឹងកំណត់សកម្មភាពស្របតាមផលប្រយោជន៍ជាតិរបស់ខ្លួនផ្ទាល់៕