ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) បានចោទប្រកាន់ភាគីជម្លោះទាំងពីរនៅក្នុងសង្គ្រាមស៊ីវិលរបស់ស៊ូដង់ ថាបានប្រើប្រាស់ “យុទ្ធសាស្ត្រអត់ឃ្លាន” ប្រឆាំងនឹងជនស៊ីវិល ២៥លាននាក់ ដោយទុកឱ្យមនុស្សចំនួន ៩៧% នៃចំនួនប្រជាជនសរុប ប្រឈមនឹង “កម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរ”។

ក្រុមអ្នកជំនាញឯករាជ្យប្រហែលរាប់សិបនាក់បាននិយាយថា “មិនដែលមានទេនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដែលមនុស្សច្រើនដល់ថ្នាក់នេះប្រឈមនឹងការអត់ឃ្លាន និងទុរ្ភិក្សដូចនៅស៊ូដង់សព្វថ្ងៃ”។ គួររម្លឹកថា សង្គ្រាមបានផ្ទុះឡើងតាំងពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF។ ភាគីទាំងសងខាងត្រូវបានចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងការកំណត់គោលដៅលើជនស៊ីវិល និងការរារាំងជំនួយមនុស្សធម៌។

អ្នកជំនាញ ដែលរួមទាំងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិទទួលបានអាហារ និងទឹកស្អាត បានទាមទារឱ្យភាគីជម្លោះទាំងពីរ “បញ្ឈប់ជាបន្ទាន់នូវការរារាំង និងបង្កឧបសគ្គដល់ការផ្ដល់ជំនួយនៅស៊ូដង់”។

ជម្លោះនេះបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបានជំរុញមនុស្សជាង ១១លាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ រួមទាំងជិត ៣លាននាក់ ឥឡូវនេះរត់ទៅជ្រកកោននៅប្រទេសផ្សេងទៀត នេះបើយោងតាមអង្គការសហប្រជាជាតិ។ មនុស្សប្រហែល ២៦លាននាក់ ប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងគ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅក្នុងជំរំភៀសខ្លួន ហ្សាមហ្សាម (Zamzam) ក្នុងតំបន់ ដាហ្វឺ (Darfur) ភាគខាងលិចរបស់ស៊ូដង់៕