ភ្នំពេញ ៖ ក្រុមហ៊ុនដាំដុះដំណាំចេកនៅខេត្តកំពត កំពុងសម្លឹងមើលទីផ្សារថ្មីៗ នៅប្រទេសអ្នកមានប៉ែកអឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារនៅមជ្ឈិមបូព៌ា ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងពង្រឹងគុណភាពផលិតកម្ម ឲ្យមានស្ថិរភាព ដើម្បីប្រកួតប្រជែងបញ្ហាតម្លៃ ផ្លែចេកស្រស់នៅលើទីផ្សារ។
លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលវិនិយោគលើចម្ការចេក នៅក្នុងខេត្តកំពត បានថ្លែងប្រាប់ថា ដំណាំចេកគឺជាដំណាំវិលជុំមិនប្រកាន់រដូវ អាចធ្វើឲ្យយើងទទួលផលជាបន្តបន្ទាប់ និងស្របពេលកម្ពុជាគឺជាប្រទេសដែលមានអំណោយផលដល់ការដាំដុះ ក្នុងនោះចាប់ពីឆ្នាំ ២០១៨ មក ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា មានកំណើនកើនឡើងជាលំដាប់ បើប្រៀបធៀបទៅនិងដំណាំដទៃទៀត។
លោកឧកញ៉ា បន្តថា ស្របពេលការនាំចេញផ្លែចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារនៃប្រទេសមួយចំនួន បានកំពុងមានសន្ទុះកើនឡើងយ៉ាងលឿននោះ អ្នកនាំចេញផ្លែស្រស់អំបូងលឿង កំពុងសម្លឹងមើលទីផ្សារថ្មីៗ នៅប្រទេសអ្នកមានប៉ែកខាងលិចបន្ថែមទៀតដូចជា ទីផ្សារអឺរ៉ុប អាមេរិក និងមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នក្រុមហ៊ុនបានកំពុងពង្រឹងគុណភាព ឲ្យមានស្ថិរភាព និងតម្លៃ ដើម្បីជម្រុញការប្រកួតប្រជែងអាចឈានចូលទៅទីផ្សារថ្មីទៀត ក្រៅពីទីផ្សារដែលមានស្រាប់ ដើម្បីឲ្យផ្លែចេករបស់កម្ពុជាកាន់តែមានសក្តានុពល និងកាន់តែល្បីឈ្មោះនៅក្នុងតំបន់ និងពិភពលោក ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញកសិផល ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ កម្ពុជាបាននាំចេញកសិផលមានបរិមាណសរុបជិត ៦ លានតោន កើនឡើងជាង ៨៨% មានទំហំជាទឹកប្រាក់ប្រមាណជិត ៣ ៥០០ លានដុល្លារ។ ក្នុងនោះចំពោះការនាំចេញចេកស្រស់មានចំនួន ៣៤ ម៉ឺនតោន កើនឡើងជាង ៤៦% និងបាននាំចេញទៅប្រទេសចិន មានចំនួនជាង ៣០ ម៉ឺនតោន ប្រទេសវៀតណាមជាង ៤១ ពាន់តោន ប្រទេសជប៉ុនជាង ៥៣៣ តោន និងប្រទេសសិង្ហបុរីចំនួនជាង ៤៨០តោន ៕
អត្ថបទ៖ សុន រ៉ាឌី
