នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកាតា លោក សៀក ម៉ូហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន ចាសស៊ីម អាល់ថានី (Sheikh Mohammed bin Abdulrahman bin Jassim Al-Thani) និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់តូនី ប៊ីនខិន (Antony Blinken) កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមគ្នាចុងក្រោយបង្អស់សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងវិធីដើម្បី ការកាត់បន្ថយភាពតានតឹងនៅប្រទេសលីបង់។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា បាននិយាយថា ក្នុងអំឡុងពេលពិភាក្សាតាមទូរស័ព្ទ ភាគីទាំងពីរ បានពិនិត្យឡើងវិញនូវមធ្យោបាយ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ក៏ដូចជាការវិវឌ្ឍចុងក្រោយ បំផុតនៅក្នុងតំបន់ ជាពិសេសស្ថានភាពនៅតំបន់ហ្កាហ្សា។
សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា ពួកគេ ក៏បានពិភាក្សាអំពីវិធីកាត់បន្ថយភាពតានតឹង នៅក្នុងប្រទេសលីបង់ និងបញ្ហាជាច្រើននៃការព្រួយបារម្ភទៅវិញទៅមក។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំមុន សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បាននិងកំពុងធ្វើការ ដើម្បីសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលមានការកើនឡើងនៃភាពតានតឹងក្នុងតំបន់នាពេលថ្មីៗនេះ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក៏បានជាប់គាំង។