អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ( JCS) បាននិយាយថា ឧត្តមសេនីយ៍ជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត «មិនរាថយ» របស់ពួកគេចំពោះជំហរការពារជាតិរួមគ្នា ហើយបានថ្កោលទោសកិច្ចសហប្រតិបត្តិការយោធាដ៏ស៊ីជម្រៅរបស់កូរ៉េខាងជើង ជាមួយរុស្ស៊ី។
នាយអគ្គសេនាចម្រុះ (JCS) លោកឧត្តមនាវីឯក គីម ម្យុងស៊ូ (Kim Myung-soo) និងសមភាគីសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Charles Q. Brown Jr. បានបើកកិច្ចប្រជុំគណៈកម្មាធិការយោធាប្រចាំឆ្នាំ ដើម្បីពិភាក្សាអំពីវិធីធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសន្តិសុខប្រឆាំងនឹងការបន្តការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយជាភាសាអង់គ្លេសថា៖«នៅក្នុងការលើកឡើងយ៉ាងច្បាស់ៗដែលអាចធ្វើទៅបាន មេដឹកនាំទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ពួកគេចំពោះជំហរការពាររួមបញ្ចូលគ្នា ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់ពួកគេចំពោះសន្តិភាព និងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់។
ROK តំណាងឲ្យឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូង គឺសាធារណរដ្ឋកូរ៉េ។ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារសម្ព័ន្ធភាពជាមូលដ្ឋាន នៅឆ្នាំ ១៩៥៣។
ក្នុងអំឡុងពេលកិច្ចពិភាក្សា លោក គីម ម្យុងស៊ូ និង លោក Charles Q. Brown Jr. បានសម្តែងការព្រួយបារម្ភលើបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗ នៅក្នុងតំបន់ និងនៅលើឧបទ្វីប រួមទាំងការបង្កើនសមត្ថភាពមីស៊ីលរបស់កូរ៉េខាងជើង ការគំរាមកំហែងនុយក្លេអ៊ែរ និងការវាយប្រហារតាមអ៊ីនធឺណិត ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីផងដែរ។