ក្រសួងសន្តិសុខមាតុភូមិ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យជនជាតិលីបង់មួយចំនួនស្នាក់នៅបណ្តោះអាសន្ន ក្នុងសហរដ្ឋអាមេរិក និងស្នើសុំការអនុញ្ញាតការងារ ដោយសារតែលក្ខខណ្ឌមិនមានសុវត្ថិភាព នៅក្នុងប្រទេសរបស់ពួកគេ។
ក្រសួងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា ការកំណត់ស្ថានភាពការពារបណ្តោះអាសន្ន នឹងផ្តល់នូវ «ការបន្ធូរបន្ថយ» ដល់ជនអន្តោប្រវេសន៍លីបង់ដែលមានសិទ្ធិ ដោយសារតែ ជម្លោះប្រដាប់អាវុធដែលកំពុងបន្ត និងលក្ខខណ្ឌខុសធម្មតា និងបណ្តោះអាសន្ន នៅក្នុងប្រទេសលីបង់» ។
ក្រសួង បានបន្ថែមថា អ្នកដែលត្រូវបានអនុញ្ញាត «នឹងអាចបន្តនៅក្នុងប្រទេសនេះ ខណៈពេលដែលសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នា ដើម្បីសម្រេចបាននូវដំណោះស្រាយការទូតសម្រាប់ស្ថិរភាព និងសន្តិសុខយូរអង្វែងឆ្លងកាត់ព្រំដែនអ៊ីស្រាអែល-លីបង់»។
ក្រុមហេសបូឡា បានចាប់ផ្តើមការវាយប្រហារកម្រិតទាបលើកងទ័ពអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន ក្រុមហាម៉ាស បានធ្វើការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ទៅលើអ៊ីស្រាអែល នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប។