ការសម្រេចចិត្តរបស់នាង Yuliia Baibak ក្នុងការជម្លៀសចេញ បានធ្វើឡើងបន្ទាប់ពីការវាយលុកដោយគ្រាប់បែករបស់រុស្ស៊ី លើអគារលំនៅឋានក្នុងទីក្រុង Kupiansk របស់នាង។
ការជម្លៀសនេះ បានធ្វើឡើង ខណៈមន្ត្រីអ៊ុយក្រែន បានប្រកាសការជម្លៀសជាចាំបាច់ឲ្យចេញពីលំនៅឋានរបស់ប្រជាជនក្នុងទីក្រុង Kupiansk។
នាង Baibak បានប្រាប់ឪពុកម្តាយរបស់នាងថា «យើងត្រូវជម្លៀសចេញ បើមិនដូច្នេះទេយើងនឹងត្រូវសម្លាប់នៅទីនេះ។ ម្តាយក្មេកនិងប្តីរបស់នាងត្រូវបានសម្លាប់នៅក្នុងទីក្រុង Kupiansk ។
អាជ្ញាធរអ៊ុយក្រែន បានបញ្ជាឱ្យជម្លៀសចេញពីទីក្រុងសំខាន់មួយនេះនិងតំបន់ចំនួនបីផ្សេងទៀត នៅក្នុងតំបន់ Kharkiv ភាគឦសាន ខណៈកងកម្លាំងរុស្ស៊ីរុលចូលមកកាន់តែជិត ហើយមន្ត្រីប្រឈមទៅនឹងការលំបាកក្នុងការផ្តល់សេវានានា នៅក្នុងរដូវរងារ។
អភិបាលតំបន់ Kharkiv លោក Oleh Syniehubov បាននិយាយនៅជិតមជ្ឈមណ្ឌលជម្លៀសមួយកន្លែងក្នុងទីក្រុង Kharkiv ថា បទបញ្ជាជម្លៀស គឺជារឿងចាំបាច់។ លោក Syniehubov និយាយថា «គិតត្រឹមពេលនេះ អាទិភាព គឺត្រូវជម្លៀសប្រជាជនទាំងអស់ចេញ ដែលផែនការរបស់យើង មានប្រជាជនជិត៤.០០០នាក់។
កងកម្លាំងរុស្ស៊ី បាននិងកំពុងបង្កើនការរុលចូលទៅមុខក្នុងការជំរុញដើម្បីចូលកាន់កាប់តំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយដណ្តើមបានភូមិនានា ក្នុងពេលពួកគេឆ្ពោះទៅភាគខាងលិច។ ពួកគេ បានធ្វើសកម្មភាពជាច្រើនខែ នៅភាគខាងជើងក្នុងតំបន់ Kharkiv ដោយផ្តោតលើ ទីក្រុង Kupiansk ។