ប្រមុខមូលនិធីរូបិយប័ណ្ណអន្តរជាតិ (IMF) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) បាននិយាយថា សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នា ទោះបីជាមាននូវ «បរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាក» ក៏ដោយ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាកំណើនសេដ្ឋកិច្ចយឺត និងការគំរាមកំហែងដ៏គ្រោះថ្នាក់ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។
លោកស្រី Kristalina Georgieva ដែលទើបតែចាប់ផ្តើមអាណត្តិ ៥ឆ្នាំទីពីររបស់លោកស្រីជានាយកគ្រប់គ្រង IMF បាននិយាយនៅមុនកិច្ចប្រជុំប្រចាំឆ្នាំនៃបណ្ដាមេដឹកនាំហិរញ្ញវត្ថុរបស់មូលនិធិ និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ។
ជាមួយគ្នានេះ លោកស្រី Georgieva បានប្រើសុន្ទរកថានៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដើម្បីអបអរដល់ការរីកចម្រើន ក្នុងការដោះស្រាយអតិផរណាសកល ខណៈព្រមានអំពីគ្រោះថ្នាក់ខាងមុខ សម្រាប់សេដ្ឋកិច្ចពិភពលោក។
លោកស្រីបានលោកឡើងថា «រលកអតិផរណាសកលដ៏ធំ កំពុងធ្លាក់ចុះ» ដោយបានកត់សម្គាល់ថា «ការរួមបញ្ចូលគ្នានៃសកម្មភាពគោលនយោបាយរូបិយវត្ថុរឹងមាំ ការបន្ធូរបន្ថយឧបសគ្គនៃខ្សែច្រវាក់ផ្គត់ផ្គង់ ហើយនិងការសម្របសម្រួលតម្លៃអាហារ និងថាមពល កំពុងនាំពួកយើងឲ្យត្រឡប់ទៅក្នុងទិសដៅនៃស្ថិរភាពតម្លៃវិញ»។
ប៉ុន្តែអមដោយការបន្ថែមថា តម្លៃកាន់តែខ្ពស់កំពុងបង្កផលប៉ះពាល់ដល់ប្រទេសមានសេដ្ឋកិច្ចក្រីក្របំផុត និងបុគ្គលដែលជួបការលំបាកបំផុត នៅលើពិភពលោក លោកស្រី Georgieva បានបន្ថែមថា ទោះបីជាអត្រាអតិផរណា កំពុងធ្លាក់ចុះក៏ដោយ «ក៏កម្រិតតម្លៃខ្ពស់ដែលប៉ះពាល់ដល់ពួកយើង គឺនៅតែមានដដែល»៕