សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី១៦ ខែតុលា) បានកំណត់គោលដៅវាយប្រហារលើឃ្លាំងអាវុធនៅក្រោមដីរបស់កងជីវពលហ៊ួទី ក្នុងប្រទេសយេម៉ែន ដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរយៈចម្ងាយឆ្ងាយ B-2 ដោយបានបំផ្លាញសមត្ថភាពរបស់ក្រុមឧទ្ទាមមួយនេះ ក្នុងការវាយប្រហារផ្លូវដឹកជញ្ជូនអន្តរជាតិ។
ហើយអ្វីដែលសំខាន់ជាងនោះទៀត គឺថា ក្នុងការប្រកាសពីការវាយប្រហារកាលពីថ្ងៃពុធនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ចេញនូវអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា ជាការព្រមានដល់អ្នកគាំទ្រក្រុមនេះលេចមុខជាងគេ គឺអ៊ីរ៉ង់។
លោក Austin បាននិយាយថា៖ «នេះគឺជាការបង្ហាញដ៏ពិសេសនូវសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការកំណត់គោលដៅវាយប្រហារទីតាំងសត្រូវរបស់យើង ដែលប្រឹងប្រែងលាក់ខ្លួនយ៉ាងឆ្ងាយពីដៃរបស់យើង ទោះខំពួននៅក្រោមដីយ៉ាងជ្រៅ រឹងមាំ ឬមានកំពែងរឹងមាំយ៉ាងណាក៏ដោយ" ។
លោក បានបន្ថែមថា «ការងាររបស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរយៈចម្ងាយឆ្ងាយ B-2 Spirit របស់កងទ័ពអាកាសអាមេរិក បង្ហាញពីសមត្ថភាពវាយប្រហារសកលរបស់សហរដ្ឋអាមេរិក ដើម្បីចាត់វិធានការប្រឆាំងនឹងគោលដៅទាំងនេះ នៅពេលចាំបាច់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
គួរបញ្ជាក់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ស្របពេលការភ័យខ្លាចមានខ្លាំងឡើងៗ អំពីសង្គ្រាមពេញបន្ទុក រវាងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលជាសត្រូវក្នុងតំបន់ជាយូរមកហើយរបស់ខ្លួន។ កាលពីថ្ងៃទី១ ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលជិត ២០០គ្រាប់ទៅអ៊ីស្រាអែល ដើម្បីជាការឆ្លើយតបទៅនឹងការបង្កើនសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងកងជីវពលបរទេសដ៏មានឥទ្ធិពលបំផុតរបស់សាធារណរដ្ឋអ៊ិស្លាម គឺក្រុមហេសបូឡារបស់លីបង់៕