មន្ត្រីក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៨ នាក់ ក្នុងនោះមានកុមារដែរនោះ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជម្រកស្នាក់នៅមួយ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ខណៈអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ នៅកន្លែងនោះ។
លោក Medhat Abbas បាននិយាយថា មនុស្សរាប់សិបនាក់ បានរងរបួសផងដែរ នៅក្នុងការវាយប្រហារ នេះ ដោយបន្ថែមថា៖«មិនមានទឹកសម្រាប់ពន្លត់ភ្លើងនោះទេ គឺគ្មានអ្វីទាំងអស់។ នេះ គឺជាការសម្លាប់រង្គាល»។
លោក Abbas បាននិយាយថា៖«ជនស៊ីវិល និងកុមារ កំពុងត្រូវបានសម្លាប់ និងដុតដោយភ្លើង។
យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនោះ បានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស និងក្រុមជីហាដឥស្លាម ដែលប្រតិបត្តិការពីក្នុងសាលារៀន Abu Hussein ក្នុងទីក្រុង Jabalia ដែលបានបម្រើជាជម្រកសម្រាប់ជនភៀសខ្លួន។
សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ មានវត្តមាននៅខាងក្នុងបរិវេណសាលារៀនោះ នៅពេលដែលការវាយប្រហារ បានកើតឡើង ហើយបានផ្តល់ឈ្មោះយ៉ាងហោចណាស់ ១២នាក់ ក្នុងចំណោមពួកគេ ដែល សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះទេ។