តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រ (ទី១៨ ខែតុលា) រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បាននិយាយថា ប្រទេសកាណាដាគ្រោងនឹងផ្តល់ឲ្យអ៊ុយក្រែននូវកញ្ចប់ជំនួយយោធាចំនួន ៦៤,៨លានដុល្លារកាណាដា (៤៧លានដុល្លារអាមេរិក) ដែលនឹងរួមមានអាវុធធុនតូច គ្រាប់រំសេវ និងឧបករណ៍ការពារ។
កញ្ចប់ជំនួយដែលបែងចែកផងដែរនូវទឹកប្រាក់ សម្រាប់ការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែននោះ គឺជាផ្នែកមួយនៃមូលនិធិយោធាចំនួន ៥០០លានដុល្លារកាណាដា ដែលប្ដេជ្ញាផ្ដល់ឲ្យដោយនាយករដ្ឋមន្ត្រី លោក Justin Trudeau ក្នុងខែកក្កដា។
លោក Blair បាននិយាយថា៖ «ជំនួយយោធាដែលបានប្រកាសនៅថ្ងៃនេះ ផ្តល់ឲ្យអ៊ុយក្រែននូវធនធានសំខាន់ៗ ដែលត្រូវការចាំបាច់ ដើម្បីការពារខ្លួនទល់នឹងការលុកលុយរបស់រុស្ស៊ី។ កាណាដានឹងបន្តធ្វើអ្វីដែលចាំបាច់ទាំងអស់ ដើម្បីជួយឲ្យពួកគេទទួលបានជ័យជម្នះ»។
គួរបញ្ជាក់ថា កាណាដា ដែលជាអ្នកគាំទ្រអន្តរជាតិដ៏រឹងមាំបំផុតមួយរបស់ទីក្រុងគីវ កាលពីខែមុន បានប្រាប់ថា ខ្លួននឹងបរិច្ចាគឲ្យអ៊ុយក្រែននូវរ៉ូកែតលើសតម្រូវការបាញ់ចេញពីអាកាសទៅដី ដែលមិនមានបំពាក់អាវុធចំនួន ៨០,៨៤០ដើម ព្រមទាំងក្បាលគ្រាប់ចំនួន ១.៣០០គ្រាប់។ ហើយគិតចាប់តាំងពីរុស្ស៊ី បានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កាណាដាបានសន្យាផ្ដល់ជំនួយយោធាចំនួន ៤,៥ពាន់លានដុល្លារកាណាដា៕