ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា ការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar បានក្លាយជាចំណុចផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសង្រ្គាមរវាងក្រុមជីវពលប៉ាឡេស្ទីនមួយនេះ និងទាហានអ៊ីស្រាអែល ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបជាមួយក្រុមមេដឹកនាំសហភាពអឺរ៉ុបនៅកិច្ចប្រជុំកំពូលក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Macron និយាយថា ឱកាសនេះ គួរតែក្តោបក្តាប់ឲ្យបាន ដើម្បីឲ្យចំណាប់ថ្នូរទាំងអស់ អាចដោះលែងមកវិញ និងចុងក្រោយដើម្បីឲ្យសង្រ្គាមអាចបញ្ឈប់បាន ។
ក្រុមមន្រ្តីអ៊ីស្រាអែល និយាយថា លោក Sinwar ត្រូវបានសម្លាប់អំឡុងការផ្ទុះអាវុធនៅតំបន់ភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃពុធ ដោយដំបូងឡើយទាហានអ៊ីស្រាអែល ពុំបានដឹងថាពួកគេចាប់បានសត្រូវលេខ ១របស់ប្រទេសពួកគេនោះឡើយ ។
សេវាកម្មចារកម្មអ៊ីស្រាអែល បានស្វែងរកលោក Sinwar អស់រយៈពេលជាច្រើនខែមកហើយៗបានរឹតបន្តឹងបន្តិចម្តងៗតំបន់ជាទីដែលពួកគេជឿថា លោកអាចប្រតិបត្តិការ ហើយបន្ទាប់ពីកំណត់ត្រាធ្មេញ ស្នាមក្រយៅដៃ និងការធ្វើតេស្ត DNA បានផ្តល់ការបញ្ជាក់ចុងក្រោយពីការស្លាប់របស់លោក Sinwar ៕