ស្របពេលអ៊ីស្រាអែលសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar ពលរដ្ឋហ្កាហ្សា បានរៀបរាប់ថា វាគឺជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងរមួយសម្រាប់ជនប៉ាឡេស្ទីន ។
លោក Sinwar ដែលជាមេខ្លោងឈរនៅពីក្រោយការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ដែលបង្កឲ្យមានសង្រ្គាមនៅហ្កាហ្សា ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការរបស់ទាហានអ៊ីស្រាអែល នៅដែនដីបិទច្រករបស់ប៉ាឡេស្ទីនមួយនេះ កាលពីថ្ងៃពុធ ។
ក្រុមមេដឹកនាំលោកខាងលិច និយាយថា ការស្លាប់របស់លោក ផ្តល់ឱកាសមួយសម្រាប់បញ្ចប់ជម្លោះ ប៉ុន្តែនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា សង្រ្គាមនឹងបន្តរហូតដល់ចំណាប់ថ្នូរដែលចាប់យកទៅដោយក្រុមហាម៉ាស់ ត្រូវបានដោះលែងឲ្យមានសេរីភាពមកវិញ ។
លោក Ismail al-Athamneh គឺជាពលរដ្ឋកហ្កាហ្សាជម្លៀសខ្លួនចេញពីទីក្រុង Beit Hanoun ទៅកាន់ទីក្រុង Khan Younis និយាយថា លោក Netanyahu សប្បាយចិត្ត ហើយលោកនិងបន្តសង្រ្គាម ជាជាងបញ្ឈប់វា បន្ទាប់ពីលោក Sinwar ក្លាយជាគោលដៅវាយប្រហារ ។
លោកបន្តថា អ្នកស្រុករស់នៅតំបន់ភាគខាងជើង និងភាគខាងត្បូងហ្កាហ្សា អាចវិលត្រឡប់មកវិញ ហើយនិងបញ្ចប់សង្រ្គាម ប៉ុន្តែអត់ទេ លោក Netanyahu នៅតែបន្តសង្រ្គាមមួយនេះតទៅទៀត ។
លោក Sinwar ដែលត្រូវបានតែងតាំងជាមេដឹកនាំក្រុមហាម៉ាស់ បន្ទាប់ពីការធ្វើឃាតមេដឹកនាំនយោបាយរបស់ពួកគេគឺលោក Ismail Haniyeh កាលពីខែកក្កដា នៅក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់នោះ ត្រូវបានគេជឿថា បានលាក់ខ្លួននៅក្នុងបន្ទប់ផ្លូវរូងក្រោមដី ដែលក្រុមហាម៉ាស់ បានកសាងពីក្រោមតំបន់ហ្កាហ្សា កាលពីរយៈពេលជាង ២ទសវត្សរ៍មុន ៕