តំបន់ចំនួន ៦នៅក្នុងប្រទេសបារាំង ស្ថិតក្នុងការប្រកាសអាសន្នកម្រិតពណ៌ក្រហម សម្រាប់ទឹកជំនន់ ស្របពេលភ្លៀងធ្លាក់ខ្លាំងកម្ពស់រហូតដល់ ៦៣០មីលីម៉ែត្រ ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ ។
រថយន្តបានរងការជន់លិចក្នុងទឹកជំនន់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅទីក្រុង Lyon ។ ទីក្រុង Annonay និងទីក្រុង Labegude ស្ថិតក្នុងតំបន់ Ardeche មើលឃើញភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និយាយថា រថយន្តមួយចំនួន ត្រូវបានទឹកហូរយកទៅនៅទីក្រុង Labegude ។
តំបន់ដែលស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម រួមមានទីក្រុង Lyon ដែលជាទីក្រុងធំបំផុតទី ៣របស់បារាំង ក៏ដូចជាទីក្រុង Cannes ។
ក្រុមអាជ្ញាធរ និយាយថា ពួកគេបានបិទផ្លូវ ជម្លៀសមនុស្សចេញពីតំបន់រងគ្រោះ ហើយនិងស្នើសុំឲ្យប្រជាពលរដ្ឋចៀសវាងធ្វើឲ្យពួកគេគ្រោះថ្នាក់ ដូចជាថតរូប និងថតវីដេអូ ។
ទោះបីជាយ៉ាងណាក៏ដោយ ពុំទាន់មានសេចក្តីរាយការណ៍ពីករណីស្លាប់ ឬរងរបួសនោះទេ ហើយគេនៅមិនទាន់ដឹងច្បាស់ផងដែរពីទំហំនៃការខូចខាតបណ្តាលមកពីជំនន់ទឹកភ្លៀងលើកនេះ ។
ការជន់លិចនៅតំបន់ភាគខាងត្បូងបារាំង បានកើតមានឡើងរយៈពេល ១សប្តាហ៍ ក្រោយការខូចខាតដោយសារព្យុះសង្ឃរា Kirk ដែលបានបោកបក់ឆ្លងកាត់តំបន់ភាគខាងលិចអឺរ៉ុប និងរយៈពេលជិត ១ខែ ក្រោយទីក្រុង Cannes រងផលប៉ះពាល់ដោយសារទឹកជំនន់ដ៏គំហក់ ៕