យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋ បានឲ្យដឹងថា គ្រាប់បែកអត្តឃាត ត្រូវបានបំផ្ទុះឡើងក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅជិតជំរំហ្វឹកហាត់របស់នគរបាល ក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលី បណ្តាលឲ្យមនុស្ស ៧នាក់ ស្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត រងរបួស ។
ភោជនីយដ្ឋាននេះ ដែលជាកន្លែងអង្គុយជួបជុំគ្នារបស់ក្រុមន្រ្តីនគរបាលនោះ បានក្លាយជាគោលដៅនៃការបំផ្ទុះគ្រាប់បែកអត្តឃាត ពេលដែលបុរសម្នាក់ក្លែងក្លួនជានគរបាល ដើរចូលក្នុងភោជនីយដ្ឋានជាទីដែលក្រុមមន្រ្តីនគរបាល កំពុងផឹកតែជជែកគ្នាលេង ។
សាច់ញាតិជនរងគ្រោះ និយាយថា មនុស្ស ៥នាក់ រួមទាំងមន្រ្តីនគរបាលលេចធ្លោម្នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនេះ ។
អ្នកនាំពាក្យនគរបាល ពុំអាចសុំសេចក្តីអត្ថាធិប្បាយភ្លាមៗបាននោះទេ ហើយមកទល់នឹងពេលនេះ ក្រុមអ្នកសារព័ត៌មាន ត្រូវបានហាមឃាត់មិនឲ្យចូលក្នុងកន្លែងកើតហេតុនោះឡើយ ។
គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើ ភាគីណាមួយជាអ្នកបើកការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយនេះ ៕