អភិបាលខេត្តនិយាយថា មនុស្ស ៦នាក់ បានស្លាប់ និងមនុស្ស ២៥នាក់ផ្សេងទៀត រងរបួស ពេលដែលរថយន្តក្រុងក្រឡាប់នៅខេត្តភាគកណ្តាល Aksaray ប្រទេសទួរគី នាថ្ងៃសុក្រនេះ ។
អភិបាលខេត្ត Aksaray លោក Mehmet Ali Kumbuzoglu និយាយប្រាប់បក្រុមអ្នកសារព័ត៌មានថា គេនៅមិនទាន់ដឹងច្បាស់នោះទេពីមូលហេតុដែលបានឲ្យមានឧបទ្ទេវហេតុកើតឡើង នៅលើផ្លូវហាយវ៉េ ពីខេត្ត Aksaray ទៅកាន់ទីក្រុង Ankara ។
រថយន្តក្រុងដឹកអ្នកដំណើរពីខេត្តភាគខាងលិច Balikesir ឆ្ពោះទៅកាន់តំបន់ Cappadocia ដែលជាតំបន់គោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ នៅភាគកណ្តាលប្រទេសទួរគី ។
លោកនិយាយថា អ្នករងរបួស ត្រូវបានរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលការស៊ើបអង្កេតពីឧបទ្ទេវហេតុមួយនេះ ត្រូវបានធ្វើឡើង ។
នៅក្នុងរូបភាពវីដេអូឃ្លីបថតបានដោយយានដ្រូន ឃើញរថយន្តក្រុងក្រឡាប់ផ្ងាពោះ បែកកញ្ចក់មុខ ខណៈរថយន្តគិលានសង្រ្គោះចតនៅជិត រង់ចាំដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ៕


