បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវជួបកោះហ្គាំនាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលានេះក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។ ជំនួបកាត់សេចក្ដីវគ្គ Play-Off នេះ កម្ពុជាត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីទទួលបានកៅអីវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ បន្ទាប់ពីក្រុមគោព្រៃកម្ពុជាបានយកឈ្នះក្រុមដែនកោះរបស់សហរដ្ឋអាមេរិកដោយលទ្ធផល ១-០ ក្នុងជើងទី១ កាលពីចុងសប្ដាហ៍កន្លងទៅ។

ប៉ុន្តែដោយសារការបង្ហាញទម្រង់លេងមិនទាន់បានល្អប្រសើរកាលពីជើងទី១ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់ខ្លាំងសម្រាប់ការប្រកួតជើងទី២ យប់នេះ ដោយសង្ឃឹមថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អជាងមុន ដើម្បីប្រជែងកៅអីវគ្គបន្ដជាមួយកោះហ្គាំ។ គួរដឹងថា ប្រសិនបើកម្ពុជាឆ្លងផុតវគ្គជម្រុះនេះ កម្ពុជានឹងបានឡើងទៅបង្គ្រប់កៅអី ២៤ក្រុមនៃជុំទី៣ ដើម្បីបន្ដការប្រកួតជម្រុះ និងដណ្ដើមកៅអីជុំចុងក្រោយនៃពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ នៅប្រទេសចិន។ ការប្រកួតជុំទី៣ នឹងត្រូវបែងចែកជាំ ៦ពូលក្នុងមួយពូលមាន ៤ក្រុមដែលគ្រោងធ្វើការប្រកួតសន្សំពិន្ទុចាប់ពីថ្ងៃទី១ ខែកុម្ភៈរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

សម្រាប់ក្រុមដែលមានសិទ្ធឡើងជុំផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះគឺក្រុមឈរលេខ១ នៃពូលទាំង ៦ និងក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម។ រីឯការប្រកួតជុំចុងក្រោយនៅប្រទេសចិនគ្រោងធ្វើឡើងពីថ្ងៃទី១៦ ខែមិថុនារហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខដោយមានបេក្ខភាព ១៣ក្រុមកំពុងឈររួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ៖ លី ឈុនឡា