ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីពីក្រសួងការពារជាតិ ដែលបាននិយាយ នៅថ្ងៃសុក្រ (ទី១៨ ខែតុលា) នេះថា ប្រទេសរុស្ស៊ីកំពុងធ្វើតេស្តការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពដែលបំពាក់ដោយមីស៊ីលបាលីស្ទិកអន្តរទ្វីប Yars នៅក្នុងតំបន់មួយ នាភាគពាយព្យនៃទីក្រុងមូស្គូ។
មីស៊ីល Yars ដែលអាចដាក់ពង្រាយនៅក្នុងធុងស៊ីឡាំង ឬនៅលើជើងទម្របាញ់បង្ហោះចល័ត ហោះទៅដល់គោលដៅចម្ងាយរហូតដល់ ១១.០០០គីឡូម៉ែត្រ ហើយមានសមត្ថភាពអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនគ្រាប់។
គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរជាបន្តបន្ទាប់ ក្នុងឆ្នាំនេះ ជាអ្វីដែលអ្នកវិភាគសន្តិសុខ និយាយថា ជាសញ្ញាដែលមានបំណងរារាំងលោកខាងលិចកុំឲ្យជ្រៀតជ្រែកកាន់តែជ្រៅ ក្នុងសង្គ្រាម នៅអ៊ុយក្រែន។
សមយុទ្ធចុងក្រោយបំផុត គឺធ្វើឡើងក្នុងសប្តាហ៍តែមួយដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហាញ «ផែនការជ័យជម្នះ» របស់លោក។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីខែមុនថា ទីក្រុងមូស្គូបានពង្រីកបញ្ជីនៃសេណារីយោ ដែលអាចជំរុញឲ្យប្រទេសនេះប្រើប្រាស់អាវុធនុយក្លេអ៊ែ ដោយកាត់បន្ថយលក្ខខណ្ឌនៃការប្រើប្រាស់របស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ អ៊ុយក្រែនបានចោទក្រុងមូស្គូថា បានដាក់គំនាបជាមួយនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

