កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រជាពលរដ្ឋគុយបាជិតពាក់កណ្តាល ជួបថ្ងៃដ៏អាក្រក់បំផុតនៃការដាច់ចរន្តអគ្គិសនីក្នុងឆ្នាំនេះ ដោយសារកង្វះខាតប្រេងឥន្ធនៈ និងការខូចហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ។
ក្រុមហ៊ុនអគ្គិសនីរដ្ឋ National Electric Union បានប្រកាសថា សមត្ថភាពបង្កើតថាមពលអគ្គិសនី ផ្តល់បានតែ ១.៦៩២មេហ្គាវ៉ាត់ប៉ុណ្ណោះ ធៀបនឹងតម្រូវមានរហូតដល់ ៣.៣០០មេហ្គាវ៉ាត់ ធ្វើឲ្យមនុស្សរាប់លាននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់ ។
សហគ្រាសឯកជនខ្នាតតូច និងមធ្យម បានព្យាយាមស្វែងរកដំណោះស្រាយជម្រើសផ្សេង ដើម្បីកាត់បន្ថយការខាតបង់ និងបន្តរក្សាផ្តល់សេវាកម្មដល់អតិថិជនរបស់ពួកគេ ។
ការកើនឡើងការដាច់ចរន្តអគ្គិសនី បានកើតមានឡើង ក្រោយរយៈពេលជាច្រើនខែនៃការដាច់ចរន្តអគ្គិសនីច្រើនម៉ោងក្នុង ១ថ្ងៃ នៅទូទាំងប្រទេសគុយបា ស្របពេលដែលរោងចក្រថាមពលអគ្គិសនីប្រើប្រេង មានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ដោយរោងចក្រខ្លះមានអាយុកាលច្រើនទសវត្សរ៍មកហើយ និងខូចជាញឹកញាប់ ហើយការក្ស័យធនរបស់រដ្ឋាភិបាលគ្រប់គ្រងតាមបែបកុម្មុយនិស្ត គួបផ្សំនឹងទណ្ឌកម្មសហរដ្ឋអាមេរិក ក៏ដូចជាការពិបាកទិញប្រេងឥន្ធនៈនៅលើទីផ្សារសកលលោក ។
វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រួមទាំងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថ បាននាំឲ្យមានលំហូរចេញបំបែកកំណត់ត្រារបស់ពលរដ្ឋគុយបាពីកោះមួយនេះ ធ្វើឲ្យទុក្ខទោសរបស់ពួកគេកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត ៕


