ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១៨ ខែតុលា) នេះ បានថ្កោលទោស ចំពោះការប្រើប្រាស់របស់អ៊ីស្រាអែល ជាអ្វីដែលខ្លួនបានពិពណ៌នាថា ជាយុទ្ធសាស្ត្រ «ស្រដៀងនឹងសង្គ្រាម» ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់កាន់កាប់ West Bank ដោយនិយាយថា ប្រជាជនប៉ាឡេស្ទីន ៩នាក់ ត្រូវបានសម្លាប់នៅទីនោះ ក្នុងមួយសប្តាហ៍។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ ឬ OCHA ក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន និងការបំផ្លាញដើមអូលីវ ក្នុងអំឡុងពេលប្រមូលផលប្រចាំឆ្នាំ ពីខែតុលា ដល់ខែវិច្ឆិកា ដោយនិយាយថា វាកំពុងប៉ះពាល់ដល់ការគាំទ្រផ្នែកសេដ្ឋកិច្ចរបស់គ្រួសារប៉ាឡេស្ទីនរាប់ម៉ឺននាក់។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អមដោយការបន្ថែមថា មនុស្ស ៩នាក់ត្រូវបានសម្លាប់ នៅចន្លោះថ្ងៃទី ៨-១៤ ខែតុលា ដោយក្នុងនោះមានកូនក្មេងម្នាក់ផងដែរ អ្នកនាំពាក្យរបស់ OCHA លោក Jens Laerke បានប្រាប់អ្នកសារព័ត៌មានថា៖ «កងកម្លាំងអ៊ីស្រាអែល បាន និងកំពុងប្រើយុទ្ធសាស្ត្រឥតមេត្តា ហើយស្រដៀងនឹងសង្រ្គាម នៅតំបន់ West Bank ដោយបង្កើនឲ្យមានការព្រួយបារម្ភខ្លាំងឡើងៗពីការប្រើប្រាស់កម្លាំងហួសហេតុ និងការធ្វើឲ្យតម្រូវការមនុស្សធម៌របស់ប្រជាជនកាន់តែធ្ងន់ធ្ងរឡើងៗ»។
លោក Laerke បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានចោទប្រកាន់ភាគច្រើន ចំពោះអ្នកដែលត្រូវបានសម្លាប់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើពលរដ្ឋអ៊ីស្រាអែល។
លើសពីនេះទៀត លោកក៏បានប្រាប់ផងដែរថា មានការវាយប្រហារពីសំណាក់អ្នកតាំងលំនៅរបស់អ៊ីស្រាអែលរាប់សិបនាក់ លើជនជាតិប៉ាឡេស្ទីន ក្នុងអំឡុងពេលប្រមូលផលអូលីវ ក្នុងខែនេះ។ លោកបានបញ្ជាក់បន្ថែមថា OCHA បានទទួលរបាយការណ៍ថា ស្ត្រីប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់នៅពេលកំពុងប្រមូលផលផ្លែអូលីវ នៅទីក្រុង Jenin៕



