នៅថ្ងៃសុក្រនេះ ពិធីបុណ្យសពសមូហភាព ត្រូវបានរៀបចំឡើងនៅទីក្រុង Nabatieh ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ សម្រាប់មនុស្ស ១៣នាក់ ដែលត្រូវបានសម្លាប់ននៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
ក្រុមអ្នកកាន់ទុក្ខ បានជួបជុំគ្នានៅជុំវិញសព ដែលគ្របកំណាត់ និងដាក់លើដី ខណៈពិធីបួងសួងបានធ្វើឡើង ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ។
ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល បានបំផ្លិចបំផ្លាញអគារសាលាក្រុង Nabaiteh កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ១៦នាក់ រួមទាំងអភិបាលក្រុងម្នាក់ផងដែរ នៅក្នុងការវាយប្រហារធំបំផុតលើអគាររដ្ឋាភិបាលលីបង់ ចាប់តាំងពីយុទ្ធនាការផ្លូវអាកាសអ៊ីស្រាអែលចាប់ផ្តើម ។
ក្រុមមន្រ្តីលីបង់ បានធ្វើការថ្កោលទោសចំពោះការវាយប្រហារមួយនេះ ដែលបានបណ្តាលឲ្យមនុស្សជាង ៥០នាក់ផ្សេងទៀត រងរបួសផងដែរ ។
នាយករដ្ឋមន្រ្តីលីបង់ លោក Najib Mikati និយាយថា អ៊ីស្រាអែលមានចេតនាវាយប្រហារលើគោលដៅជំនួបរបស់ក្រុមប្រឹក្សាខេត្ត ដែលកំពុងពិភាក្សាលើសេវាកម្ម និងស្ថានភាពជួយសង្រ្គោះរបស់ទីក្រុង Nabaiteh ដើម្បីជួយដល់មនុស្សជម្លៀសខ្លួនពីយុទ្ធនាការយោធារបស់អ៊ីស្រាអែល ។
អ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដំបូងឲ្យជម្លៀសខ្លួនសម្រាប់ទីក្រុង Nabaiteh ដែលជាទីក្រុងមានមនុស្សរាប់នៅរាប់ម៉ឺននាក់ កាលពីថ្ងៃទី ៣ ខែតុលា ប៉ុន្តែអភិបាលក្រុងលោក Ahmed Kahil និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅពេលនោះថា លោកនឹងមិនចាកចេញជាដាច់ខាត ៕


