ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន នៅថ្ងៃសុក្រ (ទី១៨ ខែតុលា) នេះ បានរាយការណ៍ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នឹងបើកការស៊ើបអង្កេតលើគណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាច ដោយចំណាត់ការនេះអាចឈានទៅដល់ការរំលាយគណបក្សនេះ។
ដោយដកស្រង់ប្រភពមិនបង្ហាញអត្តសញ្ញាណ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះបានឲ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោត បានបង្កើតគណៈកម្មការការមួយ ដើម្បីពិនិត្យមើលពាក្យបណ្តឹងប្រឆាំងនឹងគណបក្សនេះ ដែលត្រូវបានចោទប្រកាន់ថា បានអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មានឥទ្ធិពល ឬដឹកនាំសកម្មភាពរបស់គណបក្ស។
ការស៊ើបអង្កេតលើគណបក្សភឿថៃនេះ កើតមានឡើងប៉ុន្មានខែ បន្ទាប់ពីគណបក្សបោះជំហានទៅមុខ (Move Forward) ជាអតីតគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសដែលបានឈ្នះការបោះឆ្នោតឆ្នាំ២០២៣ ត្រូវបានរំលាយដោយដីកាបង្គាប់របស់តុលាការ កាលពីខែសីហា បន្ទាប់ពីមានការស៊ើបអង្កេតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានត្រឡប់ចូលប្រទេសថៃវិញ នៅឆ្នាំ២០២៣ ដែលជាការវិលទៅកាន់ប្រទេសកំណើតវិញដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីរស់នៅនិរទេសខ្លួនដោយខ្លួនឯងរយៈ ១៥ឆ្នាំ ដោយលោកបង្ហាញខ្លួននៅថ្ងៃរតែមួយដែលសម្ព័ន្ធមិត្តនយោបាយរបស់លោក គឺលោក សេដ្ឋា ថាវវីស៊ីន (Srettha Thavisin) បានក្លាយជានាយករដ្ឋមន្ត្រី។ កាលពីខែសីហា កូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) វ័យ ៣៨ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចបញ្ចប់តំណែងរបស់លោក សេដ្ឋា។
តាមច្បាប់របស់ថៃ គណបក្សមិនអាចទទួលឥទ្ធិពលពីអ្នកក្រៅបាននោះទេ។ ប្រសិនបើការស៊ើបអង្កេតរកឃើញការប្រព្រឹត្តខុសនោះ បណ្តឹងនេះនឹងត្រូវបញ្ជូនទៅតុលាការធម្មនុញ្ញ ដើម្បីពិចារណា។ លោក Sawang Boonmee អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនបានឆ្លើយតបទៅនឹងការហៅទូរសព្ទ និងការផ្ញើសារដែលស្វែងរកការអត្ថាធិប្បាយនោះឡើយ៕