បេក្ខជនប្រធានាធិបតី លោក Donald Trump និងលោកស្រី Kamala Harris បានរិះគន់គ្នាទៅវិញទៅមកយ៉ាងខ្លាំងលើសមត្ថភាពដើម្បីដឹកនាំប្រទេស អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Michigan កាលពីថ្ងៃសុក្រ។ បេក្ខជនទាំងពីរ បានអះអាងថា គូប្រជែងរបស់ខ្លួន មិនសមនឹងតំណាងសហរដ្ឋអាមេរិក នោះទេ។
នៅឯការប្រមូលផ្តុំគ្នានៅទីក្រុង Grand Rapids បេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Harris បានចំអកឱ្យលោក Trump សម្រាប់ការបញ្ចៀសការជជែកដេញដោល និងលុបចោលបទសម្ភាសន៍ ដោយលើកឡើងពីការអះអាងនៃយុទ្ធនាការរបស់លោកថា លោក «អស់កម្លាំង»។
ទន្ទឹមនឹងនេះ នៅអាកាសយានដ្ឋានទីក្រុង Detroit បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Trump បានរិះគន់ចិញដោយហៅលោកស្រី Harris ថាពុំមែនជាមនុស្សវ័យឆ្លាតនោះទេ ហើយបានទទូចថា លោកស្រី មិនសមតំណាងប្រទេសឡើយ។
ការស្ទង់មតិរបស់ Reuters/Ipsos បានបង្ហាញថា នៅទូទាំងប្រទេស ការនាំមុខរបស់លោកស្រី Harris កាន់តែរួមតូចពីការនាំមុខ៧ភាគរយកាលពីចុងខែកញ្ញា លើ លោក Trump បានធ្លាក់មកនៅត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ ដោយតម្លៃអាហារ និងតម្លៃជួលមានតម្លៃខ្ពស់ ដែលនៅតែធ្វើឱ្យប្រជាជនអាមេរិក ព្រួយបារម្ភ ហើយលោកTrump បានបន្ថែមការព្រួយបារម្ភទាក់ទងនឹងជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយវោហាសាស្ត្រជ្រុល កាន់តែខ្លាំងឡើង។

