សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរម្លឹកដល់យុវជនកម្ពុជា ត្រូវរួមគ្នាលើកតម្កើងតម្លៃវប្បធម៌ជាតិ ពោលគឺយុវជនត្រូវមានទស្សនវិជ្ជមាន ដោយការចូលរួមអប់រំ ផ្សព្វផ្សាយគាំទ្រដល់តម្លៃវប្បធម៌ជាតិ ចៀសវាងការអង្គុយចាំតែរិះគន់គ្នា ។
ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តម សិក្សា២៥ ក្នុងរាជធានីភ្នំពេញជិត៥ពាន់ ដែលមានវត្តមានចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទ ក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យុវជន មុននឹងធ្វើសកម្មភាពអ្វីត្រូវគិត ដោយប្រើ បញ្ញាញាណ ធ្វើសកម្មភាពដោយប្រើឆន្ទៈ និងការប្តេជ្ញាចិត្តដោយ ចេញពីបេះដូង។ មុននឹងធ្វើអ្វី ត្រូវសិក្សាស្រាវជ្រាវឱ្យច្បាស់លាស់ ព្រោះជានិស្សិត បញ្ញវន្ត ។ ដូច្នេះ សម័យ ឌីជីថលនេះ ត្រូវតែពិចារណា និងគិតគូរឱ្យច្បាស់ ហើយស្មារតីជាតិនិយមត្រូវតែមាន ប៉ុន្តែកុំឱ្យជាតិនិយម ជ្រុលដែលនាំឱ្យបែកបាក់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើឱ្យយុវជនធ្វើសកម្មភាពប្រកបដោយគំនិតវិជ្ជមានឱ្យបាន ច្រើន ចៀសវាងអង្គុយចាំតែរិះគន់ ។ កន្លងទៅ ជាពិសេសតាមបណ្តាញសង្គម គេតែងតែឃើញយុវជនមួយ ចំនួនចាំតែបង្ហាញនូវការរិះគន់ ដោយខ្វះការគិតគូរពិចារណាស្រាវជ្រាវឱ្យបានច្បាស់លាស់ ។ យុវជន កុំអង្គុយតែយំដែលឃើញយុវជនគេអភិវឌ្ឍន៍ ហើយស្តីបន្ទោសប្រព័ន្ធអប់រំខ្លួន ត្រូវរួមកសាងប្រព័ន្ធអប់រំ របស់ខ្លួន និងកសាងធនធានមនុស្សទៅថ្ងៃក្រោយ ពោលគឺត្រូវពង្រឹងថែរក្សាសាមគ្គីជាតិ ឯកភាពជាតិ កុំ ឱ្យបាត់បង់ទឹកដី កុំឱ្យបាត់បង់វប្បធម៌ ដោយត្រូវរួមគ្នាផ្សព្វផ្សាយគាំទ្រ ៕អត្ថបទ៖ មុត សុទ្ធ