ការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar ដែលជាមេគំនិតនៃការវាយប្រហារដែលបានបញ្ឆេះសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប បានបង្ហាញពីជ័យជំនះដ៏ធំមួយសម្រាប់អ៊ីស្រាអែល។ ប៉ុន្តែមេដឹកនាំអ៊ីស្រាអែល ក៏កំពុងព្យាយាមកេងចំណេញខាងយុទ្ធសាស្ត្រដែលហួសពីការទទួលបានជ័យជំនះផ្នែកយោធា ដើម្បីកែប្រែស្ថានភាពតំបន់ ក្នុងការគាំទ្រអ៊ីស្រាអែល និងការពារព្រំដែនរបស់ខ្លួនពីការវាយប្រហារនានា នៅពេលអនាគត។
ដោយការបោះឆ្នោតរបស់សហរដ្ឋអាមេរិក កាន់តែខិតជិតមកដល់ អ៊ីស្រាអែលកំពុងប្រញាប់ប្រញាល់បំផ្លាញក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។
យោងតាមអ្នកការទូតប្រទេសលោកខាងលិច មន្ត្រីលីបង់ និងអ៊ីស្រាអែល ព្រមទាំងប្រភពក្នុងតំបន់ផ្សេងទៀតបាននិយាយថា តាមរយៈការបង្កើនប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងក្រុមហេសបូឡា និងក្រុមហាម៉ាស អ៊ីស្រាអែលចង់ធានាបានថា សត្រូវរបស់ខ្លួន និងអ្នកឧបត្ថម្ភធំរបស់ពួកគេគឺអ៊ីរ៉ង់ មិនប្រមូលផ្តុំក្រុមឡើងវិញ និងគំរាមកំហែងដល់ពលរដ្ឋអ៊ីស្រាអែលជាថ្មីម្តងទៀតឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ការសម្លាប់លោក Sinwar ដើម្បីដាក់សម្ពាធលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដើម្បីរំសាយសង្គ្រាមនៅតំបន់ហ្កាហ្សា។ ប៉ុន្តែមេដឹកនាំអ៊ីស្រាអែលប្រហែលជាមានបំណងរង់ចាំរហូតដល់ផុតអាណត្តិរបស់លោក Biden ហើយចាប់យកឱកាសជាមួយប្រធានាធិបតីបន្ទាប់ មិនថាបេក្ខជនគណបក្សបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតី លោកស្រី Kamala Harris ឬគូប្រជែងមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលលោក Netanyahu មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក នោះទេ។


