អ៊ីស្រាអែល បន្តបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា ដោយការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ (ទី១៨ ខែតុលា)។
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលគេស្គាល់ថា UNIFIL កំពុងឈរជើងនៅទីនោះ ដើម្បីឃ្លាំមើលអរិភាពនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយអ៊ីស្រាអែល ប៉ុន្តែបាននិយាយថា កងកម្លាំងរបស់ខ្លួន បានស្ថិតនៅក្រោមការវាយប្រហារដោយចេតនាជាច្រើន ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
អ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ UN ផ្តល់ខែលការពារមនុស្សសម្រាប់យុទ្ធជនហេសបូឡា ហើយបានប្រាប់ UNIFIL ឲ្យជម្លៀសអ្នករក្សាសន្តិភាពពីភាគខាងត្បូងលីបង់ ដើម្បីសុវត្ថិភាពរបស់ពួកគេ ដែលជាសំណើដែលបេសកម្មនេះ បានបដិសេធ។ អ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់ថា កម្លាំងនេះត្រូវបានកំណត់គោលដៅដោយចេតនា។
សេចក្តិសម្រេចលេខ ១៧០១របស់អង្គការសហប្រជាជាតិ ដែលបានបញ្ចប់ជម្លោះចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងឆ្នាំ ២០០៦ អំពាវនាវឲ្យលីបង់ភាគខាងត្បូង គ្មានកងទ័ព ឬអាវុធណាមួយក្រៅពីរដ្ឋលីបង់។

