អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ៤២.៥០០នាក់ហើយ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៦២នាក់ ត្រូវបានសម្លាប់ នៅក្នុងសកម្មភាពយោធារបស់ អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ សេចក្តីថ្លែងការណ៍ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានធ្វើឲ្យមនុស្ស ៣០០នាក់ផ្សេងទៀត បានរងរបួសផងដែរ ដោយធ្វើឲ្យចំនួនអ្នករបួសសរុបមានដល់ជិត ១០.000នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើង នៅដើមខែតុលា ឆ្នាំ ២០២៣។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បាននិយាយផងដែរថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣៣នាក់ ត្រូវបានសម្លាប់ កាលពីល្ងាចថ្ងៃសុក្រដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំ Jabalia ភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានស្ត្រី ២១នាក់ ហើយអ្នកស្លាប់សរុបអាចឡើងដល់ ៥០នាក់ ដោយសារជនរងគ្រោះជាច្រើន បានជាប់នៅក្រោមគំនរបាក់បែក និងអគារ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្ទុះគ្រាប់បែកនេះ បានធ្វើឲ្យមនុស្សជាង ៨៥នាក់ បានរងរបួស ដែលមួយចំនួន បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

