អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃសុក្រ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទៅលើរដ្ឋធានីសាណា (Sanaa) និងខេត្តសាដា(Saada)របស់ប្រទេសយេម៉ែន។
លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយក្រសួងនេះ មួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានរាយការណ៍ថា យន្តហោះរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយឆ្មក់ចំនួន ៦លើក លើទីក្រុងសាណា និង ៩លើក នៅខេត្តសាដាភាគខាងជើងរបស់ប្រទេសនេះ។
លោក Baghaei បានពណ៌នាអំពីការវាយប្រហារតាមផ្លូវអាកាសថា ជា «ការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទប្បញ្ញត្តិច្បាប់អន្តរជាតិ» ដែលហាមប្រាមការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដទៃទៀត និងជំរុញឲ្យមានការគោរពចំពោះបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។
លោកបានបន្ថែមថា ការវាយឆ្មក់តាមអាកាសដោយសហរដ្ឋអាមេរិក និងអង់គ្លេសប្រឆាំងនឹងយេម៉ែន ស្របពេលជាមួយនឹងការបន្តផ្តល់អាវុធ និងគាំទ្រផ្នែកនយោបាយសម្រាប់ «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងការសម្លាប់មនុស្ស នៅក្នុងប្រទេសលីបង់ គឺជាភ័ស្តុតាងយ៉ាងច្បាស់នៃការចូលរួមនិងភាពជាដៃគូរបស់ពួកគេជាមួយអ៊ីស្រាអែលក្នុង«អំពើឧក្រិដ្ឋកម្ម»។

