បាល់ទាត់៖ ក្រុមបាល់ទាត់ឥណ្ឌូនេស៊ីបានកក់កៅអីនៅវគ្គជំរុះជុំទី៣ ហើយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ AFC Asian Cup បន្ទាប់ពីយកឈ្នះឆាយនីសតៃប៉ិ ៣-០ ជើងទី២ និងសរុបទាំងពីរជើង ៥-១។ ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានរបស់ក្លិបបាល់ទាត់ Buriram ប្រទេសថៃ ឥណ្ឌូនេស៊ីរកបានគ្រាប់នាំមុខនៅនាទីទី២៦ ដោយ Egy Maulana Vikri ខណៈពីរគ្រាប់ទៀតធ្វើបាននៅវគ្គទី២ នាទីទី៥៥ ដោយ Kambuaya និង Wiltan Sulaeman នៅនាទីទី៩០+៣។

ក្រុមឥណ្ឌូនេស៊ីដែលដឹកនាំដោយលោក Shin Tae-yong បានយកឈ្នះសរុបទាំងពីរជើង ៥-១ បន្ទាប់ពីជើងទី១ យកឈ្នះ ២-១ នៅកីឡដ្ឋាន Buriram នេះដែរកាលពីសប្តាហ៍មុន។ ដូចគ្នានឹងកម្ពុជាដែរដែលត្រូវលេងវគ្គ Play-Off នេះមុនឈានដល់ការប្រកួតជំរុះជុំទី៣ បង្គ្រប់កៅអី ២៤ក្រុមដើម្បីបន្ដការប្រកួតជម្រុះ និងដណ្ដើមកៅអីជុំចុងក្រោយនៃពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ នៅប្រទេសចិន ខណៈកម្ពុជាត្រូវប្រកួតជើងទី២ យប់នេះវេលាម៉ោង ១០:៣០នាទីនៅកីឡដ្ឋាន Khalifa Sports Stadium ប្រទេសបារ៉ែន បន្ទាប់ពីជើងទី១ កម្ពុជាបានយកឈ្នះ ១-០ ដោយគ្រាប់បាល់របស់ ចាន់ វឌ្ឍនាកា៕
អត្ថបទ៖នាង សុភាវុធ