រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោក Guido Crosetto បានជួបពិភាក្សាជាមួយសមភាគីជប៉ុនលោក Gen Nakatani កាលពីថ្ងៃសុក្រ (ទី១៨ ខែតុលា) មុនពេលកិច្ចប្រជុំកំពូលការពារជាតិ នៅទីក្រុង Naples ប្រទេសអ៊ីតាលី។
ដោយដកស្រង់សម្តីរដ្ឋាភិបាលជប៉ុន ទីភ្នាក់ងារសារព័ត៌មានក្យូដូ បាននិយាយថា ជប៉ុន និងអ៊ីតាលី «បានយល់ព្រមទាំងស្រុង «លើកតិកាសញ្ញាការពារជាតិ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរការផ្គត់ផ្គង់ និងការគាំទ្រផ្នែកភស្តុភារ។
លោក Crosetto និង លោក Nakatani បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ ដែលនឹងធ្វើឲ្យការចែករំលែកធនធានមានភាពងាយស្រួលដូចជា គ្រាប់រំសេវ ប្រេងឥន្ធនៈ និងអាហាររវាងយោធាអ៊ីតាលី និងជប៉ុន។
យោងតាមសារព័ត៌មានក្យូដូ រដ្ឋមន្ត្រីការពារជាតិទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីសម្រេចបាននូវ «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ» ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។
