ទីបំផុតនារីខ្មែរម្នាក់ដែលសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលចិន ជួយសង្គ្រោះចេញពីកន្លែងបង្ខាំងដោយសុវត្ថិភាពហើយ។

ដំណឹងដ៏គួរឱ្យរីករាយនេះ ត្រូវបាននារីរងគ្រោះផ្ដល់មកកាន់លោកបណ្ឌិត ទូច សុឃៈ ជំនួយការឯកឧត្តមអភិសន្តិបណ្ឌិត និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤នេះ។
បើតាមនារីរងគ្រោះ ពេលនេះរូបនាងកំពុងស្ថិតក្រោមការថែទាំ និងបំពេញនីតិវិធី ដោយកម្លាំងនគរបាលចិន ដោយមានការយកចិត្តទុកដាក់សម្របសម្រួលពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកលទ្ធផលនេះថា ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន និងជារួម គឺជាលទ្ធផលមួយជ្រុងថ្មីទៀត នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែតុលានេះ បន្ទាប់ពីប្រមូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីនារីរងគ្រោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់នីតិវិធី និងសម្របសម្រួលភ្លាមៗជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ ត្រឹមតែជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។
បើតាមព័ត៌មានបន្ថែមពីលោកបណ្ឌិត ទូច សុឃៈ ពេលនេះនាងកំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាព និងកក់ក្ដៅបំផុត ខណៈភាគីចិនកំពុងអនុវត្តនីតិវិធី ហើយភាគីកម្ពុជាក៏ត្រៀមបំពេញបែបបទដើម្បីនាំមកកាន់មាតុប្រទេសវិញក្នុងពេលខាងមុខ៕