ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា វ៉ាក់សាំងកតព្វកិច្ច ដែលជាកម្មសិទ្ធិបញ្ញារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសិទ្ធភាពហើយ ដោយប្រទេសខ្លះ នៅលើពិភពលោកបានយកតម្រាប់តាម ផែនការរបស់សម្តេចតេជោ ជាពិសេសប្រទេសនៅលោកខាងលិច និងប្រទេសនៅក្នុងតំបន់អាស៊ានជាដើម។
កាលពីកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា វ៉ាក់សាំងបង្ការកូវីដ១៩ នឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច ពោលប្រសិនបើបុគ្គលណាមិនបានចាក់វ៉ាក់សាំង នឹងអាចប្រឈមគេមិនឲ្យធ្វើការ ឬឆ្លងទៅប្រទេសគេជាដើម។
ក្រោយពីមានការលើករបស់សម្តេចតេជោ យ៉ាងដូច្នេះ មានប្រទេសមួយចំនួនបានយកតម្រាប់តាម ដូចជាប្រទេសអាមេរិក ប្រទេសមួយចំនួន នៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសឥណ្ឌូនេស៊ីជាដើម ដោយមន្រ្តី ឬប្រជាជនរបស់ខ្លួនមិនបានចាក់វ៉ាក់សាំង នឹងមិនអាចចូលធ្វើការបាន និងមិនអាចចូលហាងលក់ដូរបានជាដើម។
ទាក់ទងនឹង«វ៉ាក់សាំងកាតព្វកិច្ច»នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ក្រោយពីអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថា «វ៉ាក់សាំងកាតព្វកិច្ចគឺជាកម្មសិទ្ធិបញ្ហារបស់សម្តេចតេជោ ហ៊ុន សែន»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផែនការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរបស់ខ្លួន ស្ទើតែមួយរយភាគរយហើយ ខណៈនៅសេសសល់ រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀត ស្របទៅតាមផែនការដែលបានកំណត់។
បើតាមការអះអាងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក.-១៩) បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ មិនថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល មន្រ្តីរាជកា មន្រ្តីជាប់កិច្ចសន្យា អង្គទូត នានា មន្រ្តីអង្គការសហប្រជាជាតិ អង្គការសមាគមជាតិ និងអន្តរជាតិ កម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងយុវវ័យ និងកុមារមានអាយុចាប់ពី៦ឆ្នាំឡើងទៅ ហើយបើគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង១៣លាននាក់ ក្នុងនោះអាយុចាប់ពី១៨ ឆ្នាំឡើងទៅបានចំនួនជិត១០លាននាក់។ សម្រាប់មនុស្សគ្រប់ដូស គឺបានចំនួនជាង៩លាន៥សែននាក់ និងដូសទី៣ ឬដូសជំរុញបានជិតមួយលាននាក់ផងដែរ៕
អត្ថបទ ៖ បាន ចក់




