អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ៤នាក់ និងដកហូតគ្រឿងញៀនបានជិត ១០០គីឡូក្រាម។
កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជិត១ខែ ទើបឈានដល់ការចុះបង្ក្រាបករណីគ្រឿងញៀនចំនួន ០៤ ទីតាំងផ្សេងៗគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់ និងដកហូតគ្រឿងញៀនជិត ១០០គីឡូក្រាម។
កងរាជអាវុធហត្ថបន្ថែមថា ការឆែកឆេរទីតាំងទាំង៤ គឺប្រើពេល០២យប់ ០២ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនាញបានបិទបញ្ចប់ការស៊ើបអង្កេតក្នុងលទ្ធផលបង្ក្រាបបានដោយឃាត់ខ្លួនជនជាតិចិន ០៤នាក់ និងដកហូតវត្ថុតាង គ្រឿងញៀនចម្រុះសរុបជិត ១០០គីឡូក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង០៤នាក់ រួមនឹងវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ អត្ថបទ៖ កុម្ភះ




