ប្រធានគោលនយោបាយ EU លោក Josep Borrell កាលពីថ្ងៃសៅរ៍ម្សិលមិញ បានអំពាវនាវឲ្យមានបទឈប់បាញ់នៅមជ្ឈិមបូព៌ា ក្រោយការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់លោក Yaya Sinwar ដោយលោកបញ្ជាក់ថា បទឈប់បាញ់គឺជាអាទិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់រូបនេះ អាចបង្កើនឱកាសសម្រេចវាបាន ។
ការស្លាប់របស់លោក Sinwar ដែលជាមេខ្លោងនៅពីក្រោយការវាយប្រហារដែលបានបញ្ឆេះសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប បានបង្ហាញពីជ័យជំនះដ៏ធំមួយសម្រាប់អ៊ីស្រាអែល ។
លោក Borrell បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងជំនួបក្រុមរដ្ឋមន្រ្តីការពារជាតិប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7 នៅទីក្រុង Naples ប្រទេសអ៊ីតាលីថា ក្រោយការសម្លាប់លោក Sinwar ទស្សនីយភាពថ្មីបានបើក ហើយពួកយើងត្រូវតែប្រើប្រាស់វាដើម្បីឈានដល់បទឈប់បាញ់ ដើម្បីដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ ហើយនិងសំឡឹងមើលទស្សនីយភាពនយោបាយ ។
លោកបាននិយាយផងដែរថា បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UNIFIL អាចនឹងត្រូវពង្រឹង ក្រោយពួកគេរងការវាយប្រហារ អំឡុងការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ។
លោក Borrell បញ្ជាក់ថា កងកម្លាំង UN ត្រូវតែគោរពនៅទូទាំងពិភពលោក ហើយប្រហែលជាងកងកម្លាំង UNIFIL ត្រូវតែពិនិត្យមើលឡើងវិញ ប៉ុន្តែរឿងដំបូងត្រូវធ្វើ គឺបទឈប់បាញ់នេះតែម្តង ហើយវាអាស្រ័យលើក្រុមប្រឹក្សាសន្តិសុខ UN ដែលត្រូវធ្វើការសម្រេចចិត្តលើ UNIFIL ៕


