ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រាប់ដល់គ្រូឧទ្ទេស និងសកម្មជនគណបក្សដែលបាបបញ្ចប់វគ្គអប់រំនយោបាយថ្នាក់ខេត្ត ជំនានទី៩ ត្រូវយកគោលការណ៍ និងចំណេះដឹងផ្សេងៗទៅផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ។ ហើយដើម្បីឲ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពគ្រូឧទ្ទេស និងសកម្មជនត្រូវចេះប្រើទេពកោសល្យ និងសិល្បៈ ពិសេសត្រូវរក្សាគោលជំហរបក្ស «ហ៊ាននិយាយ ហ៊ានធ្វើ»។
ថ្លែងនៅក្នុងពីបិទវគ្គអប់រំនយោបាយថ្នាក់ខេត្ត ជំនាន់ទី៩ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលបានធ្វើឡើងនៅមន្ទីរបក្សខេត្ត នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត មានប្រសាសន៍ថា ភូមិសាស្ត្រនយោបាយខេត្តកំពត ត្រូវបានបែងចែកជាបី ទី១ មានស្រុកឈូក ជុំគិរី និងដងទង់ ទី២. អង្គជ័យ បន្ទាយមាស និងកំពង់ត្រាច និងទី៣ ទឹកឈូ ក្រុងបូគគោ និងក្រុងកំពត ហើយបច្ចុប្បន្នមានគណបក្សផ្សេងៗជាច្រើននៅក្នុងភូមិទាំងបីនេះ។ ឯកឧត្តមបានបន្តថា ដើម្បីឲ្យពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងកាន់តែទូលំទូលាយ អំពីគោលនយោបាយរបស់បក្ស ការដឹកនាំ ការអភិវឌ្ឍន៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទៅអនាគត ទាមទាឲ្យគ្រូឧទ្ទេស សកម្មជននៅតាមបណ្តាស្រុកក្រុង មន្ទីរអង្គភាព ចូលរួមផ្សព្វផ្សាយបន្ត នូវអ្វីដែលខ្លួនបានទទួលពីវគ្គអប់រំនយោបាយនេះ ឲ្យមានប្រសិទ្ធភាព ។
ឯកឧត្តមប្រធានគណបក្សខេត្តបានបញ្ជាក់ថា កាលពីបោះឆ្នោតអាណត្តិមុន កម្លាំងបក្សប្រឆាំងក្នុងខេត្តកំពត មានចំនួន២៤១នាក់ ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះ ក្រុមប្រឆាំងនៅសល់កម្លាំង១១៧នាក់ ហើយនៅពេលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កម្លាំងបក្សប្រឆាំងនៅសល់តែ ៦៥នាក់ប៉ុណ្ណោះ ។ ការថយចុះចំនួនសមាជិកបក្សប្រឆាំងនេះ ដោយសារហេតុផលសំខាន់៣ទី១. គណបក្សប្រឆាំងបាត់បង់ជំនឿលើគណបក្សារបស់ខ្លួនឯង ទី២ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានខេត្តកំពត កាត់បន្ថយបាននូវភាពអសកម្ម ឬអំពើអយុត្តិធម៌ និងទី៣ ដោយសារគណបក្សប្រជាជនកម្ពុជា ជាបក្សដឹកនាំប្រទេសដែលមានភាពរឹងមាំ និងមានភាពចាស់ទុំជាងគេ មិនងាយមានបក្សណាអាចយកឈ្នះបានឡើយ៕





