ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃសៅរ៍ថា ការងារនឹងបន្តដើម្បីធ្វើឲ្យពលរដ្ឋអ៊ុយក្រែនមានសេរីភាពបន្ថែមទៀត ក្រោយការដោះដូរឈ្លើយសឹកជាមួយរុស្ស៊ី ។
លោក Zelenskiy ឈ្លើយសឹកដែលមានសេរីភាព បានបម្រើនៅខ្សែត្រៀមមុខជាច្រើន រួមទាំងអ្នកការពារទីក្រុងកំពង់ផែ Mariupol អស់រយៈពេលជិត ៣ខែ កាលពីឆ្នាំ ២០២២ ។
គួរឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកចំនួន ៩៥នាក់កាលពីថ្ងៃសុក្រ នៅក្នុងកិច្ចព្រមព្រៀងមួយបានបញ្ចប់ដោយមានជំនួយពីប្រទេសអារ៉ាប់រួម ដែលមានតួនាទីជាអ្នកសម្របសម្រួល ។
នៅក្នុងការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា សមាជិកក្រុមរបស់រុស្ស៊ីដែលវិលត្រឡប់ទៅវិញ កំពុងទទួលការពិនិត្យសុខភាពនៅប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី ក្នុងសង្គ្រាមជាង២ឆ្នាំកន្លះ កន្លងទៅនេះ។
វីដេអូដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិរុស្សី ឃើញសមាជិកក្រុមចូលក្នុងរថយន្តក្រុង ដោយសមាជិកមិនបង្ហាញអត្តសញ្ញាណម្នាក់ និយាយថា អារម្មណ៍របស់លោកត្រេកអរខ្លាំងណាស់ ។
វីដេអូដែលបានចេញផ្សាយដោយអ្នកតាមដានអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី១៩ ខែតុលានេះ ឃើញឈ្លើយសឹកជួបជុំមនុស្សជាទីស្រឡាញ់របស់ពួកគេ បន្ទាប់ពីអ៊ុយក្រែន និងរុស្ស៊ីបាននិយាយថា ពួកគេបានដោះដូរឈ្លើយសឹកចំនួន ៩៥នាក់ ។
លោក Dmytro Lubinets គឺជាស្នងការសិទ្ធិមនុស្សរបស់សភាអ៊ុយក្រែន និយាយថា ការដោះលែងអ្នកទោសនេះ គឺជាការដោះលែងលើកទី ៥៨ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង និងធ្វើឲ្យចំនួនឈ្លើយសឹកសរុប ៣,៧៦៧នាក់ បានវិលត្រឡប់មកកាន់ផ្ទះរបស់ពួកគេវិញ ៕

