នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅក្នុងការបង្ហោះសារលើបណ្តាញព័ត៌មានសង្គម Xថា ការប៉ុនប៉ងរបស់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ក្នុងការធ្វើឃាតលោក និងភរិយារបស់លោកកាលពីថ្ងៃសៅរ៍ គឺជាកំហុសធ្ងន់ធ្ងរបំផុតមួយ ក្រោយអ្នកនាំពាក្យរបស់លោកនិយាយថា យានដ្រូន ត្រូវបានបាញ់បង្ហោះចេញពីប្រទេសលីបង់នៅផ្ទះលំហែរកាយរបស់លោក ។
គ្មានក្រុមណាមួយដែលវាយប្រហារអ៊ីស្រាអែលកាលពីឆ្នាំមុន រួមទាំងក្រុមប្រដាប់អាវុធហេសបូឡាលីបង់គាំទ្រដោយអ៊ីរ៉ង់ ប្រកាសទទួលស្គាល់សម្រាប់ការវាយប្រហារនេះឡើយ ។
អ្នកនាំពាក្យរបស់លោក Netanyahu និយាយថា យានដ្រូនមួយគ្រឿង បានហោះឆ្ពោះទៅកាន់ផ្ទះលំហែរកាយរបស់គាត់នៅទីក្រុងភាគខាងជើង Caesarea កាលពីថ្ងៃសៅរ៍ ។ លោកបន្តថា លោកនាយករដ្ឋមន្រ្តីពុំបាននៅទីនោះឡើយ ហើយក៏គ្មានគ្រោះថ្នាក់នោះដែរ ។
ដោយឡែក យោធាអ៊ីស្រាអែល និយាយនៅមុននេះថា យានដ្រូនមួយគ្រឿង ដែលបាញ់ចេញពីប្រទេសលីបង់ បានបុកអគារ ប៉ុន្តែពួកគេពុំបានដឹងច្បាស់ថា អគារមួយណានោះទេ ៕

