រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិក ចង់មើលឃើញអ៊ីស្រាអែលកាត់បន្ថយការវាយប្រហាររបស់ពួកគេនៅជុំវិញទីក្រុងបេរូត ប្រទេសលីបង់ ។
លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងជំនួបការពារជាតិក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់នៅទីក្រុង Naples ប្រទេសអ៊ីតាលីថា ចំនួនគ្រោះថ្នាក់របស់ជនស៊ីវិល មានចំនួនខ្ពស់ខ្លាំងណាស់ ។
លោកថា ពួកយើងចង់មើលឃើញអ៊ីស្រាអែល បន្ធូរបន្ថយការវាយប្រហាររបស់ពួកគេ ជាពិសេសនៅជុំវិញ និងនៅក្នុងទីក្រុងបេរូត ហើយពួកយើងចង់មើលឃើញការផ្លាស់ប្តូរទៅរកកិច្ចចរចាដែលនឹងអនុញ្ញាតឲ្យជនស៊ីវិលនៅភាគីព្រំដែនទាំង ២ អាចវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន ។
គួរឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ដែលជាតំបន់កាន់កាប់ដោយក្រុមហេសបូឡា និងជាតំបន់ធ្លាប់មានមនុស្សរស់នៅច្រើនកុះករ ចាប់តាំងពីអ៊ីស្រាអែល បើកការវាយប្រហាររបស់ពួកគេកាលពីរយៈពេល ៣សប្តាហ៍មុន ។
លោក Austin បាននិយាយផងដែរថា លោកមិនអាចបញ្ជាក់បានឡើយចំពោះសេចក្តីរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជូនទាហានរបស់ពួកគេទៅកាន់ប្រទេសរុស្ស៊ី ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោកនិយាយថា សកម្មភាពបែបនេះគួរឲ្យព្រួយបារម្ភ បើសិនវាជាការពិតមែននោះ ៕

