ពលរដ្ឋលីបង់ជម្លៀសខ្លួន បានបង្ហាញនូវការខកចិត្តចំពោះអសមត្ថភាពរដ្ឋាភិបាលរបស់ពួកគេ ក្នុងការឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសមួយនេះ ហើយនិងកង្វះខាតការគាំទ្រដែលពួកគេទទួលបាន ដើម្បីធ្វើឲ្យស្ថានភាពដ៏លំបាករបស់ពួកគេ ល្អប្រសើរជាងនេះ ។
ពួកគេបានបង្ហាញក្តីកង្វល់ផងដែរចំពោះរដូវរងាដែលខិតជិតមកដល់ ពេលដែលពួកគេគ្មានទីជម្រកការពារខ្លួនពួកគេ ហើយនិងគ្រួសារពួកគេ ពីអាកាសធាតុត្រជាក់ ។
លោក Sani Fayed គឺជាពលរដ្ឋលីបង់ជម្លៀសខ្លួនមួយរូប បាននិយាយថា គាត់ដេកតែក្នុងរថយន្តរបស់គាត់ប៉ុណ្ណោះ ក្រោយជម្លៀសខ្លួន ដោយសារតែលោកគ្មានជម្រើសផ្សេងនោះទេ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ២.៣៥០នាក់ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមនេះ ហើយមនុស្សជាង ១,២លាននាក់ បានជម្លៀសខ្លួន ៕


