អ៊ីស្រាអែល បានបន្តវាយប្រហារទៅលើអ្វីដែលខ្លួននិយាយថាជាទីតាំងឃ្លាំងអាវុធរបស់ក្រុមសកម្មប្រយុទ្ធ ហេសបូឡា នៅភាគខាងត្បូងទីក្រុងបេរូត កាលពីថ្ងៃសៅរ៍ (១៩ តុលា) បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់មួយនេះបានបាញ់គ្រាប់រ៉ូកែតទៅកាន់ភាគខាងជើងអ៊ីស្រាអែល ហើយអ្នកនាំពាក្យនិយាយថា យានដ្រូនមួយគ្រឿងត្រូវបានបាញ់បង្ហោះសំដៅទៅនិវេសនដ្ឋានវិស្សមកាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
លោក Netanyahu មិនស្ថិតនៅទីនោះទេនៅពេលការវាយប្រហារនោះ ហើយគេក៏មិនច្បាស់ភ្លាមៗដែរថាតើអគារត្រូវបានវាយប្រហារចំ ឬយ៉ាងណា ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានពណ៌នាថា ជាការប៉ុនប៉ងធ្វើឃាតដោយ “ក្រុមប្រយុទ្ធតំណាង ហេសបូឡា” របស់អ៊ីរ៉ង់ ហើយបានហៅថាជា “កំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ” ខណៈអ៊ីស្រាអែល ត្រៀមសងសឹកចំពោះការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ នៅដើមខែនេះ។
ការវាយប្រហារនេះក៏បានកើតឡើងនៅពេលដែលក្រុមគ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ជាទីដែលអ៊ីស្រាអែល បានប្រយុទ្ធដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអស់រយៈពេលជាងមួយឆ្នាំ បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១០០នាក់ នៅទូទាំងដែនដីនេះ ហើយការឡោមព័ទ្ធជុំវិញមន្ទីរពេទ្យចំនួន៣ បានរឹតបន្តឹងកាន់តែខ្លាំង។
ការប្ដេជ្ញារបស់អ៊ីស្រាអែល និងសត្រូវរបស់ខ្លួនគឺក្រុមហាម៉ាស និងហេសបូឡា ក្នុងការបន្តប្រយុទ្ធគ្នា បានបង្កភាពស្រពេចស្រពិលលើក្ដីសង្ឃឹមដែលថា ការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) អាចនាំឱ្យមានបទឈប់បាញ់នៅហ្កាហ្សា និងលីបង់ និងទប់ស្កាត់ការកើនឡើងនៃជម្លោះបន្ថែមទៀតនៅមជ្ឈិមបូព៌ា៕


