ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី និងព្រះសង្ឃ រស់នៅក្នុងសង្កាត់ទាំង៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ពីបញ្ជាការដ្ឋានកងទ័ពពិសេស នៃក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-19 នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC។
ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការដ្ឋានទ័ពពិសេស មានប្រសាសន៍ថា ក្នុងស្ថានភាពដ៏លំបាកនេះ និងដើម្បីការពារ ទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវ វីរុសកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។
ទន្ទឹមគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងព្រះសង្ឃ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងដូសជំរុញនាព្រឹកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាយុជីវិតរបស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ហើយអ្វីដែលសំខាន់ទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋយើងអាចឆាប់បានវិលត្រឡប់ទៅរកការរស់នៅតាមបែបគន្លងថ្មី និងការប្រកបអាជីវកម្មផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពក្នុងគ្រួសារ មានការប្រសើរឡើងវិញផងដែរ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមផែនការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ បំផុតរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយបញ្ជាការដ្ឋានការពារអាកាស និងកងទ័ពជើងគោក អំពាវនាវបងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងសង្កាត់ទាំង០៧ នៃខណ្ឌពោធិ៍សែនជ័យ ដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ រួចរាល់ សូមអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង២ដូសរួចរាល់ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង២ដូសរួចរាល់ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធនានា ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣:០០នាទី ដល់ម៉ោង១៦:៣០នាទី៕
អត្ថបទ រដ្ឋា






