អ្នកស្រុកនៅភាគខាងត្បូងនៃរដ្ឋធានី ខាទុម (Khartoum) នៃប្រទេសស៊ូដង់ កំពុងទទួលរងគ្រោះពីសេវាសុខភាពកាន់តែយ៉ាប់យ៉ឺន និងកង្វះថ្នាំពេទ្យសំខាន់ៗ ខណៈជំងឺរាតត្បាតនៅតែបន្តរីករាលដាល ស្របពេលមានសង្គ្រាមស៊ីវិលដ៏អូសបន្លាយ។
ភាពអសន្ដិសុខ និងអំពើហិង្សាកើតឡើងដដែលៗនៅក្នុងតំបន់ បាននាំឱ្យមានការបិទផ្នែកខ្លះនៃមូលដ្ឋានសុខាភិបាល ដោយរឹតបន្តឹងការចូលប្រើប្រាស់សេវាថែទាំសុខភាពក្នុងតំបន់។ កាលពីថ្ងៃទី០៥ ខែតុលា អង្គការមិនមែនរដ្ឋាភិបាលនៃក្រុមគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា ខ្លួនត្រូវបានបង្ខំឱ្យផ្អាកសកម្មភាពនៅគ្លីនិក អាល់-សាហ៊ីដ វ៉ាដាឡាតេឡា (Al Shaheed Waddalatela) ភាគខាងត្បូងទីក្រុងខាទុម។
កាលពីថ្ងៃសៅរ៍ (១៩ តុលា) នាយកដ្ឋានសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យ បាស្ហែរ (Bashair) ដែលជាមន្ទីរពេទ្យធំមួយក្នុងចំណោមមន្ទីរពេទ្យសំខាន់ពីរនៅភាគខាងត្បូងរដ្ឋធានីស៊ូដង់នេះបាននិយាយថា ខ្លួនបានបិទដំណើរការដោយសារតែកង្វះឈាមនៅក្នុងឃ្លាំងស្តុកឈាមរបស់មន្ទីរពេទ្យ។
វិបត្តិសុខភាពកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទសស៊ូដង់ ដោយការផ្ទុះឡើងនៃជំងឺរាតត្បាតរួមមាន ជំងឺអាសន្នរោគ គ្រុនចាញ់ កញ្ជ្រឹល និងជំងឺគ្រុនឈាម។ រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលស៊ូដង់ បានរាយការណ៍ករណីជំងឺអាសន្នរោគជាង ២៥.០០០ករណី និងការស្លាប់ពាក់ព័ន្ធជាង ៧០០នាក់ រួមជាមួយនឹងករណីជំងឺគ្រុនឈាមជាង ២.៥០០ករណី៕


