ប្រជាជនជាច្រើនលាននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប កំពុងប្រឈមមុខនឹងហានិភ័យនៃគ្រោះទុរ្ភិក្ស ដែលអាចបន្តដល់រដូវរងា ដោយសារតែការរំខានយ៉ាងខ្លាំងនៅក្នុងការផ្គត់ផ្គង់ជំនួយស្បៀងអាហារ បណ្តាលមកពីការបិទច្រកឆ្លងកាត់របស់អ៊ីស្រាអែល និងការទប់ស្កាត់ការចូលនៃទំនិញពាណិជ្ជកម្ម និងជំនួយមនុស្សធម៌អន្តរជាតិទៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។
កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ការរកឃើញចុងក្រោយបំផុតនៃអង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម (IPC) បង្ហាញពីហានិភ័យដែលកំពុងកើតមាននៃគ្រោះទុរ្ភិក្សនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល។
ចាប់ពីខែកញ្ញា និងខែតុលា ទឹកដីទាំងមូលនេះត្រូវបានចាត់ថ្នាក់ដោយ IPC ថាស្ថិតនៅក្នុងដំណាក់កាលទី៤ ដែលជាដំណាក់កាលគ្រាអាសន្ន។ ប្រជាជនប្រហែល ១,៨៤លាននាក់ នៅទូទាំងតំបន់ហ្កាហ្សា កំពុងជួបប្រទះកម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅដំណាក់កាលទី៣ ពោលគឺដំណាក់កាលវិបត្តិ ឬខ្ពស់ជាងនេះ ជាមួយនឹងមនុស្សជិត ១៣៣.០០០នាក់ ប្រឈមមុខនឹងអសន្តិសុខស្បៀងដ៏មហន្តរាយដែលត្រូវបានចាត់ថ្នាក់ជាដំណាក់កាលទី៥។
ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ហានិភ័យនៃគ្រោះទុរ្ភិក្សនឹងបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សាក្នុងរដូវរងានេះ លុះត្រាតែការប្រយុទ្ធគ្នាបញ្ឈប់ ហើយជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់៕

