លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) នៅថ្ងៃអាទិត្យ (២០ តុលា) នេះ បានចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេទី៣ របស់ពិភពលោក ដោយបានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងនឹងបញ្ហាផ្ទៃក្នុងដូចជាអំពើពុករលួយដែលញាំញីប្រទេស រួមទាំងបញ្ហាផ្សេងទៀតដែលបង្អាក់ភាពរីកចម្រើនរបស់ប្រទេស។
អ្នកនយោបាយវ័យ ៧៣ឆ្នាំរូបនេះ បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចាប់ពីក្លាយជាអតីតមេបញ្ជាការយោធាដែលប្រឈមមុខនឹងការចោទប្រកាន់ដែលមិនត្រូវបានបញ្ជាក់អំពីការរំលោភសិទ្ធិ រហូតដល់ចូលក្នុងការឃោសនាបោះឆ្នោត ហើយឥឡូវនេះបានក្លាជាអ្នកដឹកនាំប្រទេសដែលមានប្រជាជន ២៨០លាននាក់។
លោក Prabowo ដែលមិនបានជាប់ឆ្នោតជាប្រធានាធិបតីពីរលើកកាលពីមុន បាននិយាយនៅក្នុងសុន្ទរកថាដ៏ក្ដៅគគុកមួយទៅកាន់សមាជិកសភាថា លោកនឹងក្លាយជាប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ហើយបានជំរុញឱ្យប្រជាជនរួមគ្នាជួយលោកប្រឈមមុខនឹងបញ្ហាផ្សេងៗ។
នៅក្នុងសុន្ទរកថាដែលមានរយៈពេលប្រហែលមួយម៉ោង លោក Prabowo បាននិយាយថា ភាពគ្រប់គ្រាន់ដោយខ្លួនឯងសម្រាប់ស្បៀងអាហារគឺអាចកើតឡើងក្នុងរយៈពេល ៥ឆ្នាំ ខណៈក៏សន្យាថានឹងក្លាយទៅជាប្រទេសមានថាមពលប្រើប្រាស់គ្រប់គ្រាន់ដោយខ្លួនឯងមិនចាំបាច់ពឹងផ្អែកលើអុ្នកដទៃ។
គួរបញ្ជាក់ថា លោក Prabowo បានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ ជាមួយនឹងសម្លេងឆ្នោតជិត ៦០% ហើយបានចំណាយពេល ៩ខែកន្លងមកនេះដើម្បីកសាងសម្ព័ន្ធសភាដ៏រឹងមាំមួយ៕


